CAMSOC ចេញសេចក្ដីណែនាំស្ដីពីការចូលរួមពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងរៀបចំពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

យោងតាមសេក្តីណែនាំ របស់ CAMSOC ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៣ បញ្ជាក់ថា ក្នុងន័យនេះ ដើម្បីរៀបចំដំណើរការបានរលូន និងទទួលបានលទ្ធផលល្អប្រសើរ គណៈកម្មាធិការជាតិ CAMSOC ស្នើ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សាធារណជនជាតិ-អន្តរជាតិ និងអ្នកចូលរួមទាំងអស់ គោរពពេលវេលា វិន័យ សណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរក្នុងពិធីត្រូវភ្ជាប់មកជាមួយបណ្ណចូលរួម និងតាមប្លង់អង្គុយដែលបានរៀបចំជូន។

ជាមួយគ្នានេះ CAMSOC មិនអនុញ្ញាតឱ្យកុមារអាយុក្រោម១០ឆ្នាំ ចូលរួមក្នុងពិធី និងហាមយកកាបូបស្ពាយ កាបូបយួរដៃ ចូលក្នុងពិធីហើយនិងហាមយកអាវុធមុតស្រួច អាវុធជាតិផ្ទុះ ឬឧបករណ៍ដទៃទៀតដែលអាចបង្កហានិភ័យក្នុងពិធី៕