លោក សូ ណារ៉ូ ថ្លែងអំណរគុណ ព្រះមហាក្សត្រ និងសម្តេច ហ៊ុន សែន

ភ្នំពេញ៖ លោក សូ ណារ៉ូ បានថ្លែងអំណរគុណដល់ព្រះរាជគុណ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានព្រះរាជក្រឹត្យចំនួន២ច្បាប់ដោយទទួលស្គាល់អតីតភាពការងារ និងការប្រទាននូវតំណែងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីដល់រូបលោក ។

តាមរយបណ្តាញសង្គមហ្វេសបុកនៅថ្ងៃទី១២ ខែឧសភានេះ អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី លោក សូ ណារ៉ូ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចមានព្រហ្មវិហាធម៍ ការសណ្តោសប្រោសប្រណី បានផ្តល់នូវសេចក្តីទុកចិត្តផ្តល់ឱកាសឲ្យលោកបានចូលរួមបម្រើការក្នុងទីស្តីការរដ្ឋមន្រ្តីឡើងវិញ។

ជាមួយគ្នានេះ លោក ក៏ចងចាំជានិច្ចនូវបណ្តាំរបស់សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ដែលមានប្រសាសន៍ថា “យើងធ្លាប់តស៊ូជាមួយគ្នា។ ពីមុនមេឃងងឹត ឥឡូវមេឃភ្លឺវិញហើយ ណារ៉ូក្មួយវិលត្រឡប់មកប្រទេសយើងវិញ រួមគ្នាអភិវឌ្ឍន៍ទាំងអស់គ្នា។”
លោក ធ្វើការប្តេជ្ញាថា នឹងប្រឹងប្រែងធ្វើការឲ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលខ្លួនមានប្រកបដោយទំនួលខុសត្រូវខ្ពស់។

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យមួយ តែងតាំង លោក សូ ណារ៉ូ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នេះ ព្រះអង្គក៏ចេញព្រះរាជ្យក្រឹត្យ ត្រាស់បង្គាប់ទទួលស្គាល់អតីតភាពការងារ លោក សូ ណារ៉ូ ដោយធ្វើនិយតកម្មបញ្ចូលទៅក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ ៣ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅទីស្ដីការគណៈរដ្ឋមន្ត្រី បន្ទាប់ពីសម្តេច ហ៊ុន សែន បានទូលថ្វាយព្រះអង្គ។

បើតាម លោក សូ ណារ៉ូ ចាប់តាំងពីឆ្នាំ២០១២ រហូតមកទល់ពេលនេះ គឺមានរយៈពេលប្រមាណជា ១០ឆ្នាំហើយដែល សម្រេចចិត្តចាកចេញពីកម្ពុជា ហើយភៀសខ្លួនមកនៅក្នុងសហរដ្ឋអាមេរិក ខណៈ លោកធ្លាប់បានបម្រើការងារនៅកម្ពុជា ជាមន្ត្រីរាជការ មានរយៈពេលដល់ទៅ ២៧ឆ្នាំឯណោះ៕