ភ្នំពេញ: លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញគំនូរខ្វៀ របស់និស្សិត Chan Samphors របស់និស្សិតមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិត្យសភាកម្ពុជាដែលបានគូរ កីឡាការីនី ២រូបគឺ កីឡាការីនី ស្រួង ភាវី និង កីឡាការិនី ប៊ូ សំណាង ដែលមានភាពល្បីល្បាញ និងលេចធ្លោរជាងគេនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាសផ្ទះ។
លោកបណ្ឌិត បានចាត់ទុក ព្រឹត្តិការណ៍កីឡាតំបន់អាស៊ីអាគ្នេយ៍ឬស៊ីហ្គេម (SEA GAMES) គឺជាព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងពិភពលោកដែលទទួលការចាប់អារម្មណ៍ពីបណ្តាមនុស្សជាតិគ្រប់ស្រទាប់ គ្រប់វ័យ រាប់លាននាក់ទូទាំងពិភពលោក។ ជាក់ស្តែង ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ មានការចូលរួមពីអត្តពលិកដែលពោរពេញដោយសមត្ថភាពជាច្រើនរូបមកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១១។
លោកបណ្ឌិតបន្តថា ជាសក្ខីភាព នៅក្នុងឆ្នាំ២០២៣នេះ ក្រោមម្លប់សន្តិភាពនិងការរីកចម្រើន ព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ដ៏អាស្ចារ្យមួយនេះ ក្នុងទិដ្ឋភាពមួយ គឺ «កីឡារស់នៅក្នុងសន្តិភាព (Sports live in peace)»។
លោកបណ្ឌិតបន្ថែមថា ជាការពិតណាស់ ដើម្បីចូលរួមលើកទឹកចិត្តដល់អត្តពលិកកម្ពុជាទាំងអស់ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគាត់ និស្សិត ដែលកំពុងសិក្សាស្រាវជ្រាវលើមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញស្នាដៃគូរគំនូរខ្វៀករបស់កីឡាការិនីពីររូប គឺកីឡាការិនីអត្តពលកម្ម ប៊ួ សំណាង និង អ្នកនាង ស្រួង ភាវី ម្ចាស់មេដាយមាសប៊ីយ៉ាការ៉ុប។
គួររំលឹកផងដែរថា ក្នុងការប្រកួតវិញ្ញាសារត់ចំងាយ៥០០០ម៉ែត្រ កីឡាការិនីអត្តពលកម្ម ប៊ួ សំណាង បានខិតខំប្រឹងប្រែងរត់ក្រោមដំណក់ទឹកភ្លៀង ក្នុងស្មារតីមិនបោះបង់រហូតមកដល់ទីព្រ័ត្រដោយជោគជ័យ បើទោះបីជាអត្តពលិករូបនេះមិនទទួលបានមេដាយក៏ដោយ រីឯ អ្នកនាង ស្រួង ភាវី ម្ចាស់ជើងឯកលើផ្នែកកីឡាស្នូកឃ័រ ឬប៊ីយ៉ាការ៉ុប នៅប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ ក៏បានសាងស្នាដៃថ្មីមួយទៀតជូនព្រះរាជាណាចក្រកម្ពុជា ដោយបានឈ្នះមេដាយមាសលើវិញ្ញាសាកីឡាស្នូកឃ័រឬប៊ីយ៉ាការ៉ុប ៕