ភ្នំពេញ ៖ «ខ្ញុំមានអារម្មណ៍ក្តុកក្តួល ព្រោះខ្ញុំបានបរាជ័យកាលពីការប្រកួតមុន ប៉ុន្តែអ្នកគាំទ្រនៅតែបន្តលើកទឹកចិត្ត និងគាំទ្រខ្ញុំ រហូតខ្ញុំទទួលបានជោគជ័យនៅពេលនេះ»។ នេះជាបង្ហើបពីអារម្មណ៍ក្រោយឈ្នះមាសលើគូប្រកួតហ្វីលីពីនកាលពីថ្ងៃ៧ ឧសភា របស់កីឡាការិនីជឺជីតស៊ូ ម្ចាស់មេដាយមាសស៊ីហ្គេម ២០២៣ ខាន់ ចេសា ។
បើតាមការផ្សាយរបស់ AKPដែលខាន ចេសា បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ-អន្តរជាតិ បន្ទាប់ពីបញ្ចប់ការប្រកួត និងទទួលមេដាយនាថ្ងៃ៧ ឧសភានាងនិយាយថា «ខ្ញុំពិតជាអរគុណខ្លាំងណាស់ដល់អ្នកគាំទ្រកម្ពុជា និងអ្នកគាំទ្រផ្សេងទៀត ។ ខ្ញុំពិតជាពេញចិត្តខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ សម្រាប់ការប្រកួតនេះ ដោយខ្ញុំធ្វើវាបានយ៉ាងល្អ ហើយខ្ញុំប្រកួតយ៉ាងអស់ពីសមត្ថភាព។ នៅថ្ងៃនេះ លោកយាយរបស់ខ្ញុំ ក៏បានមកទស្សនាដែរ ហើយគាត់ពិតជាមានមោទកភាព និងសប្បាយចិត្តជាមួយនឹងជ័យជម្នះមួយនេះរបស់ខ្ញុំ” ។
កញ្ញាបន្ថែមថា «ខ្ញុំចង់និយាយពាក្យថា អរគុណដល់ប្រជាជនកម្ពុជាដែលបានគាំទ្រនាងខ្ញុំរហូតមក ហើយគោលដៅរបស់ខ្ញុំនៅថ្ងៃនេះ គឺខ្ញុំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ហើយទីបំផុតខ្ញុំអាចសម្រេចគោលដៅរបស់ខ្ញុំបាន” ។
នាងបង្ហាញពីទស្សនផ្ទាល់ខ្លួនចំពោះកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេមថា “ខ្ញុំយល់ថាការរៀបចំកីឡាស៊ីហ្គេមនេះមានភាពល្អ ប្រសើរខ្លាំងណាស់ ក្នុងការរៀបចំ និងការប្រព្រឹត្តទៅពិតជាបានល្អ ដែលជាកម្មវិធីមួយដ៏អស្ចារ្យ ហើយអ្វីដែលខ្ញុំរឹតតែសប្បាយចិត្ត និងពេញចិត្តខ្លាំងនោះ គឺខ្ញុំបានយកមេដាយមាសជូនជាតិ»។
ម្ចាស់មេដាមាសស៊ីហ្គេម ២០២៣នេះ ឲ្យដឹងទៀតថា ពេលនាងនឹងវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ហើយនឹងបន្តការហ្វឹកហាត់បន្ថែមទៀត។
ខាន់ ចេសា នឹងវិលមកវិញ ដើម្បីចូលរួមប្រកួតប្រជែងមេដាយជូនជាតិជាថ្មីម្តងទៀត ក្នុងការប្រកួតកីឡាអាស៊ី (ASIAN Games) នៅប្រទេសចិន នាចុងឆ្នាំ២០២៣ខាងមុខ។
សូមបញ្ជាក់ថា នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះ កីឡាការិនី ខាន់ ចេសា លេងលើ២វិញ្ញាសា គឺដណ្តើមបានមេដាយមាស១គ្រឿង និងមេដាយប្រាក់១គ្រឿង ដោយមេដាយមាសឈ្នះលើវិញ្ញាសានារីប្រយុទ្ធ Women’s Ne-Waza No-OGI -52Kg ទម្ងន់ក្រោម ៥២គីឡូក្រាម ក្រោយផ្ដួលកីឡាការិនីហ្វីលីពីនឲ្យបោះបង់ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។ ចំពោះមេដាយប្រាក់លើវិញ្ញាសា Ne-Waza ទម្ងន់ ៥២គីឡូ ក្រោយចាញ់ កីឡានីហ្វីលីពីន នៅវគ្គផ្តាច់ព្រ័ត្រ។
កីឡាការិនីកូនខ្មែរ-អាមេរិក ខាន់ ចេសា ធ្លាប់ដណ្តើមបានមេដាយមាសជូនជាតិជាច្រើន គឺម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ី និងជាម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន កាលពីឆ្នាំ២០១៩ ខណៈស៊ីហ្គេមលើកទី៣១ នៅវៀតណាម ឆ្នាំ២០២២ ចេសា បានខកខានចូលរួមប្រកួត ដោយសារលើសទម្ងន់៕