នគរបាលវៀតណាម ប្រគល់សម្ភារៈ និងមជ្ឈមណ្ឌលបញ្ជាបច្ចេកទេស ដើម្បីធានាឲ្យកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ និងស្ថានតំណាងក្រសួងនគរបាលវៀតណាម ចុះហត្ថលេខាប្រគល់-ទទួល សម្ភារៈ និងមជ្ឈមណ្ឌលបញ្ជាបច្ចេកទេស ពីភាគីមិត្តវៀតណាម(អំណោយសាធារណរដ្ឋសង្គមនិយមវៀតណាម) ដើម្បីធានាឲ្យកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ពិធីចុះហត្ថលេខាប្រគល់-ទទួលខាងលើនេះធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ នៅនាយកដ្ឋានអង្គរក្ស រវាង លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និង លោក ឡេ វ៉ាន់ហ្វឿង (LE VAN PHUONH) ប្រធានស្ថានតំណាងក្រសួងនគរបាល អមស្ថានទូតវៀណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

បើតាម អគ្គស្នងការនគរបាលជាតិកម្ពុជា អំណោយជាសម្ភារៈ និងមជ្ឈមណ្ឌលបញ្ជាបច្ចេកទេស របស់ក្រសួងនគរបាលវៀតណាម ប្រគល់ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃកម្ពុជា នាឱកាសនេះ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាប៉ារ៉ាហ្គេម លើកទី១២ ។

ក្រៅពី សម្ភារៈ និងមជ្ឈមណ្ឌលបញ្ជាបច្ចេកទេស ដែលត្រូវបានតម្លើងនៅនាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងនគរបាលវៀតណាម ក៏បានប្រគល់ជូននូវមធ្យោបាយបច្ចេកទេស និងឧបករណ៍ជំនួយ ហើយក្រុមបច្ចេកទេស នៃនគរបាលវៀតណាម ក៏បានសហការជាមួយមន្រ្តីបច្ចេកទេស អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ តម្លើងដំណើរការល្អនូវប្រព័ន្ធ Camara ធានាសន្តិសុខ នៅមជ្ឈមណ្ឌលបញ្ជាបច្ចេកទេស៕