ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ ឲ្យបន្តជួយវិនិយោគគាំទ្រ ដល់ការងារឆ្មបថែមទៀត ដើម្បីសុខភាពប្រជាជនកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
តាមរយៈសារលិខិតអបអរសាទរ ទិវាឆ្មបជាតិ-អន្តរជាតិ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាថ្មី ពីភស្តុតាងជាក់លាក់ ទៅការអនុវត្តពិតប្រាកដ” សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានមានប្រសាសន៍ថា ឆ្មបជំនាញគ្រប់ៗរូប បាននិងកំពុងបំពេញការងារយ៉ាងសកម្ម ក្នុងការតាមដានរកដើមហេតុនៃបណ្ត និងផលវិបាកនានា ដើម្បីទប់ស្កាត់ជំងឺ ព្យាបាល និងសង្គ្រោះបន្ទាន់ ក្នុងគោលបំណងកាត់បន្ថយអត្រាន ការស្លាប់របស់មាតា ទារក និងកុមារ។
សម្ដេចបន្តថា ប្រទេសនីមួយៗចាំបាច់ត្រូវមានឆ្មបជំនាញគ្រប់គ្រាន់ ហើយឆ្មបជំនាញទាំងនោះត្រូវទទួលបានជាប្រចាំនូវការបង្វឹកបំប៉នជំនាញ ទទួលបានចំណេះដឹងថ្មីៗ ដែលមានប្រសិទ្ធភាព សម្រាប់ការផ្តល់សេវាថែទាំ ជួយសង្គ្រោះនិងព្យាបាលទាន់ពេលវេលា។ អាស្រ័យហេតុនេះហើយ ទិវា ឆ្មបជាតិ-អន្តរជាតិ ៥ឧសភា ពិតជាមានអត្ថន័យ និងមានសារៈសំខាន់ក្នុងការជំរុញការប្ដេជ្ញាចិត្ត របស់ប្រទេសទាំងអស់ ក្នុងសកលលោកឲ្យរួមគ្នាជាថ្មី ពីភស្តុតាងជាក់លាក់ទៅជាការអនុវត្តពិតប្រាកដ និងត្រូវបន្តការវិនិយោគលើការងារឆ្មប ដើម្បីសុខភាព និងសុខុមាលភាពរបស់ប្រជាជនគ្រប់រូប។
ឆ្លៀតក្នុងឱកាសនោះដែរ ប្រធានកាកបាទក្រហមកម្ពុជា បានកោតសរសើរ និងអបអរសាទរយ៉ាងក្រៃលែងចំពោះការសម្រេចបានវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការងារសុខភាពមាតា ទារក កុមារ ដូចដែលបានបញ្ជាក់ដោយ ការអង្កេតប្រជាសាស្ត្រ និងសុខភាព ដែលនៅក្នុងនោះ អត្រានៃការសម្រាលកូនដោយឆ្មបជំនាញមានការកើនឡើងពី ៣៤% នៅឆ្នាំ២០០០ ដល់ ៩៩% នៅឆ្នាំ២០២១-២២ ដែលធ្វើឲ្យអត្រាមរណភាពមាតាបានថយចុះពី៤៣៧ករណី នៅឆ្នាំ២០០០ មកនៅ១៥៤ករណី ក្នុង១សែនកំណើតរស់ នៅឆ្នាំ២០២១-២២ អត្រាមរណភាពទារកទើបកើតបានថយចុះពី៣៧ករណី នៅឆ្នាំ២០០០ មកនៅ ៨ករណី ក្នុង១ពាន់កំណើតរស់នៅឆ្នាំ២០២១-២២ និងអត្រាមរណភាពកុមារអាយុក្រោម៥ឆ្នាំ បានថយចុះពី១២៤ករណី នៅឆ្នាំ២០០០ ដល់ ១៦ករណី ក្នុង១ពាន់កំណើតរស់នៅឆ្នាំ២០២១-២២។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បញ្ជាក់ថា «ទោះបីជាយ៉ាងណា យើងមិនត្រូវស្កប់ស្កល់នឹងវឌ្ឍនភាព ខាងលើនេះឡើយ ដូចនេះហើយ ខ្ញុំសូមអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់សូមចូលរួមគាំទ្រ ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅសម្រេចបាន គោលដៅរបស់រាជរដ្ឋាភិបាលតាមការកំណត់ និងសូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ សូមជួយ និងបន្តជួយវិនិយោគគាំទ្រ ដល់ការងារឆ្មបថែមទៀត ដើម្បីសុខភាពប្រជាជនកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត» ។
សម្ដេចបានបង្ហាញក្តីសង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើនលទ្ធភាពបន្ថែមទៀតក្នុងការ ធ្វើឲ្យកាន់តែប្រសើរឡើងនូវស្ថានភាពសុខុមាលភាពនៅកម្ពុជា៕