ភ្នំពេញ៖ ក្រុមអ្នកថតរូបមកពីស្ថាប័នព័ត៌មាននានានៅក្នុងប្រទេសកម្ពុជា បានម្តែងការខកចិត្តយ៉ាងខ្លាំង ព្រោះមិនបានចូលរួមផ្តិតរូបភាពក្នុងព្រឹត្តិការណ៍បើកការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលនឹងត្រូវរៀបចំធ្វើនៅល្ងាចថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ នៅពហុរកីឡដ្ឋានមរតកតេជោ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនេះ ត្រូវបានគេរំពឹងថា នឹងមានមនុស្សចូលរួមរាប់ម៉ឺននាក់ មកពីថ្នាក់ដឹកនាំជាតិ និងអន្តរជាតិជាតិ រួមជាមួយនឹងការសម្តែងសីល្បៈស្ទើតែគ្រប់ទម្រង់របស់កម្ពុជា និងការប្រគុំតន្ត្រី។ ទោះជាយ៉ាងណា ព្រឹត្តិការណ៍នេះ ត្រូវបានកំណត់អ្នកសារព័ត៌មាន និងអ្នកចូលរួម ដោយសារតែទីតាំងចង្រៀត និងមិនអាចផ្ទុកមនុស្សលើពី ៦ ម៉ឺននាក់ ។
បើទោះជាបែបនេះ ក្តី លោក ផុស សុវណ្ណ ប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៥ ខែឧសភានេះ ថា មិនមានប្រព័ន្ធផ្សព្វផ្សាយចិនណាមួយមានសិទ្ធិថតផ្តាច់មុខក្នុងព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេមនៅល្ងាចនេះនោះទេ។ ប៉ុន្តែ សម្រាប់ការថតរូបភាព និងវីដេអូនានា ត្រូវកំណត់ចំនួនអ្នកចូលថតដូចនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែរ ដើម្បីរក្សាបានរបៀបរៀបរយ និងសណ្តាប់ធ្នាប់៕