ប្រធាន​អាស៊ាន ​៖​ ប្រទេស​ជា​សមាជិក​អាស៊ាន ​ជំរុញ​ឱ្យ​មីយ៉ាន់ម៉ា​ចាត់វិធានការ​ជាក់លាក់​អនុវត្ត​កិច្ចព្រមព្រៀង 5PC

កម្ពុជា​ ដែលជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីថ្លែងការណ៍​កម្រាស់​ពីរ​ទំព័រ លើកឡើងថា ប្រទេស​ជាស​មា​ជីក​អាស៊ាន​ជំ​រុញ​ឱ្យ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ​ឱ្យ​ចាត់​សកម្មភាព​ជាក់លាក់​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​(5PC)​ដែល​បានសម្រេច​នៅក្នុង​កិច្ចប្រជុំ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​កន្លងទៅនេះ​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​ស្តីពី​ស្ថានភាព​នៅ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២ កុម្ភៈ​នេះ​។​

​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​(5PC) រួមមាន​៖ រួមមាន ទី​១ បិទ​បញ្ចប់​អំពើហិង្សា ទី​២ រៀបចំ​កិច្ចសន្ទនា​ក្នុងន័យ​ស្ថាបនា​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ ទី​៣ បញ្ជូន​ជំនួយ​មនុស្សធម៌​ចូលទៅក្នុង​ភូមា ទី​៤ តែងតាំង​ប្រេសិត​ពិសេស​ដើម្បី​សម្របសម្រួល​កិច្ចពិភាក្សា និង​ទី​៥ អនុញ្ញាត​ឲ្យ​ប្រេសិត​ពិសេស​ចូលទៅក្នុង​ប្រទេស​នេះ​។

​ការលើកឡើង​របស់​ប្រធាន​អាស៊ាន​បែបនេះ គឺធ្វើឡើង​បន្ទាប់ពី​រយៈពេល​១​ឆ្នាំ​មកហើយ ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន នៅតែមាន​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វិវត្ត​នានា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា រួមទាំង​របាយការណ៍​នៃ​ការ​បន្ត​កើតមាន​នូវ​អំពើ​ហិង្សា និង​ការធ្លាក់ចុះ​នៃ​ស្ថានភាព​មនុស្សធម៌​។​

​សេចក្តីថ្លែងការណ៍​ដដែល បាន​បន្តថា ប្រទេស​ជា​សមាជិក​អាស៊ាន អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន និង​ការត្រៀម​លក្ខណៈ​រួចរាល់​ដើម្បី​ជួយ​ដល់​មី​យ៉ាន់​ម៉ា ស្របតាម​ឆន្ទៈ​នៃ​ប្រជាជន​មី​យ៉ាន់​ម៉ា ដោយ​ឈរលើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច (5PC) និង​ធម្មនុញ្ញ​អាស៊ាន ជាមួយ​ការ​យល់ឃើញថា សន្តិភាព និង​ការ​បង្រួបបង្រួម​ជាតិ​យូរអង្វែង​អាច​សម្រេច​ទៅបាន លុះត្រា​ណា​ដំណោះស្រាយ​នយោបាយ​នោះ​ប្រកបដោយ​បរិ​យា​ប័ន្ន ជា​ដំណោះស្រាយ​ដែល​មី​យ៉ាន់​ម៉ា​ធ្វើជា​ម្ចាស់ និង​ដឹកនាំ និង​ដែលមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​សម្រាប់​ប្រធាន​អាស៊ាន ប្រទេស​ជា​សមាជិក​អាស៊ាន សូម​គូសបញ្ជាក់​អំពី​ភាព​ប្រញាប់ប្រញាល់​នៃ​ការបញ្ចប់​អំពី​ហិង្សា​ជាបន្ទាន់ និង​សម្រាប់​គ្រប់ភាគី​ទាំងអស់​ក្នុងការ​ប្រកាន់យក​ភាព​អត់ធ្មត់​ឱ្យ​ខ្ពស់បំផុត ក៏ដូចជា​ការធានាបាន​នូវ​ការ​ចែកចាយ​ជំនួយ​មនុស្សធម៌​ប្រកបដោយ​សុវត្ថិភាព និង​ទាន់ពេលវេលា​ទៅដល់​ប្រជាជន​ដែល​ត្រូវការ​ជំនួយ​បំផុត ដោយ​ឈរលើ​មូលដ្ឋាន​នៃ​គោលការណ៍​មនុស្សធម៌ អព្យាក្រឹតភាព ភាពមិន​លំអៀង និង​ឯករាជ្យ​។​

​សូមបញ្ជាក់​ថា ប្រទេស​មី​យ៉ាន់​ម៉ា បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្ដិ​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ ក្រោយពេល​មាន​រដ្ឋប្រហារ​យោធា​ទម្លាក់​អំណាច​រដ្ឋាភិបាល​ស៊ីវិល ដែល​ជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ ហើយ​ចាប់​ឃុំខ្លួន​លោកស្រី អ៊ុង សាន់​ស៊ូ​ជី និង​មន្ដ្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​។ អំពើ​រដ្ឋប្រហារ​យោធា​នេះ ត្រូវបាន​ថ្កោលទោស​យ៉ាងខ្លាំង ពី​សហគមន៍​អន្ដរជាតិ ជាពិសេស ប្រទេស​មហាអំណាច​លោកខាងលិច​។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក និង​អង្គការសហប្រជាជាតិ ក៏បាន​សម្រេច​ដាក់ទណ្ឌកម្ម​យ៉ាងខ្លាំង​ក្លា ប្រឆាំងនឹង​របប​គ្រប់គ្រង​យោធា នៅក្នុង​ប្រទេស​ភូមា​ផងដែរ​៕