ក្រសួងសាធារណការកំពុងពង្រាងបទដ្ឋានបច្ចេកទេសសម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបាននឹងកំពុងពង្រាងបទដ្ឋានបច្ចេកទេសសម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរៀបចំដោយក្រុមការងារបច្ចេកទេស P4I & Austroads ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលនៃប្រទេសអូស្រ្ដាលី។

កិច្ចប្រជុំពិនិត្យ និង ពិភាក្សា នៅថ្ងៃទី ៣ ខែឧសភា លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីទទួលបានមតិយោបល់ ក៏ដូចជាធាតុចូលទាក់ទងនឹងបទដ្ឋានបច្ចេកទេសតាមផ្នែកនីមួយៗឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាកែសម្រួល និងរៀបចំបទដ្ឋានបច្ចេកទេសឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងសមស្របតាមតម្រូវការស្ថានភាពបច្ចុប្បន្ន។

លោកបន្តថា អង្គប្រជុំបានជជែកពិភាក្សាលម្អិតលើផ្នែកបច្ចេកទេសនីមួយៗ ដោយមានការកែសម្រួល និងបំពេញបន្ថែមនូវតម្រូវការចាំបាច់មួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ដង់ដារបច្ចេកទេស និងសមស្របតាមស្ថានភាពបច្ចុប្បន្នសម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះផងដែរ លោក បានថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងមន្រ្តីបច្ចេកទេសទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្ដាលី សំដៅសម្រេចបាននូវការរៀបចំបទដ្ឋានបច្ចេកទេសសម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យបានជោគជ័យ និងប្រកបដោយគុណភាព៕