ភ្នំពេញ៖ ក្លឹបគុនខ្មែរជើងឯកពិភពលោក និង ក្លឹបគុនខ្មែរនាគរាជចតុមុខ បានយល់ព្រមចុះកិច្ចសហប្រតិបត្តិការ ចងសម្ព័ន្ធភាព ( MOU ) ជាមួយគ្នារួចរាល់ ដើម្បីលើកកម្ពស់គុនខ្មែរ ខណៈ លោកគ្រូ ស្វាយ សុខុន ក៏ត្រូវនាំយកមកចូលរួមជាមួយផងដែរ។
លោក ស្រី ចាន់ថន ម្ចាស់ក្លឹបគុនខ្មែរជើងឯកពិភពលោក នៅថ្ងៃទី ៣ ខែឧសភា នេះ បានឱ្យដឹងថា បន្ទាប់ពីក្លឹបគុនខ្មែរជើងឯកពិភពលោក និង ក្លឹបគុនខ្មែរនាគរាជចតុមុខ បានយល់ព្រមចុះកិច្ចសហប្រតិបត្តិការ ចងសម្ព័ន្ធភាព ( MOU ) លោក បានចុះកិច្ចសន្យានាំយកលោកគ្រូ ស្វាយ សុខុនមកចូលរួមជាមួយយើងផងដែរ។
លោកបន្តថា ដោយមើលឃើញនៅកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ ស្វាយ សុខុន ដែលជាគ្រូបង្វឹកមួយរូបប្រកបដោយ ក្រមសីលធម៌ គុណធម៌ សច្ចធម៌ សុជីវធម៌ ទេពកោសល្យ និងសមត្ថភាពពិតប្រាកដ ទើបលោកត្រូវតែអញ្ជើញលោកគ្រូមកចូលរួមជាមួយក្លឹបរបស់យើងជាចាំបាច់ ។
លោកថ្លែងថា៖«នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ក្លឹបរបស់យើងនិងអញ្ជើញលោកគ្រូបង្វឹកល្អៗ ដែលមានទេពកោសល្យ និង សមត្ថភាព ប្រកបដោយក្រមសីលធម៌ មកចូលរួមជាមួយក្លឹបរបស់យើងជាបន្តបន្ទាប់ទៀត»៕