ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានសម្តែងនូវការកោតសសើរ ដល់អ្នកស្នេហាកីឡាបាល់ទាត់កម្ពុជាដែលបានចូលរួមប្រមូល និងទុកដាក់សំរាមបានត្រឹមត្រូវ ក្រោយពេលទស្សនាការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា និងហ្វីលីពីនចប់កាលពីយប់ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានអូឡាំពេក។
លោក នេត្រ ភក្រ្តា បានសរសេរនៅលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ៣ ខែមឧសភាថា «ម្ចាស់ផ្ទះដែលពោរពេញដោយការទទួលខុសត្រូវនិងលើកតម្កើងកិត្តិយសជាតិ និងកិត្យានុភាពជាតិខ្មែរ! សូមកោតសរសើរចំពោះស្មារតីចូលរួមទទួលខុសត្រូវនិងការលើកតម្លៃជាតិ និងបង្ហាញពីគំរូ និងភាពយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋក្នុងការថែរក្សាអនាម័យបរិស្ថាន ប្រមូលនិងទុកដាក់សំរាមបានត្រឹមត្រូវ»។
លោកបន្តថា « ក្រោយការប្រកួត ពហុកីឡដ្ឋានយើង នៅតែស្រស់ស្អាតដដែលដើម្បីរង់ចាំការប្រកួតផ្សេងទៀត។ ខ្មែរធ្វើបាន!»។
តាមរយៈបណ្តាញសង្គម ក្រសួងអប់រំ យុវជន និងកីឡា ក៏បាន ឱ្យដឹងដែរថា ពហុកីឡដ្ឋានអូឡាំពិកនៅ តែ គ្មាន សំរាម ដោយ ការ ចូលរួម សម្អាត ដោយ អ្នក គាំទ្រ ក្រោយចប់ការប្រកួតជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិហ្វីលីពីន៕