ភ្នំពេញ: លោក សៅ សុខា ប្រកាសថា នឹងលាលែងពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រសិនបើក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំមិអាចឆ្លងផុតវគ្គចែកពូលទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក សៅ សុខា បានឲ្យដឹងនៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ និងបន្ទាប់ពីបញ្ចប់ការប្រកួតក្រុមបាលទាត់ជម្រើសជាតិកម្ពុជា និងហ្វីលីពីនថាបន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា sea games លើកទី ៣២លោកបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង ១០ ឆ្នាំដើម្បីលើកកិត្តិយសជាតិខ្មែរតាមរយ:វិស័យកីឡាបាល់ទាត់ ។
លោកបន្តថា “បើការប្រកួតក្នុងgroup ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុតដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់ដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម “។
លោក បន្ថែមថា “ក្នុងករណីនេះកើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាតដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា “។
លោកបានសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ ៕