ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ឲ្យដឹងថា កម្ពុជាបានរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ពីចិន និងជ្រលងសម្ពាធទាបពីឥណ្ឌានិងខ្យល់មូលសុង ដែលធ្វើឲ្យតំបន់មួយចំនួនរបស់កម្ពុជាកើនកម្តៅ ព្រមទាំងមានភ្លៀងធ្លាក់លាយឡំបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ដូច្នេះប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានឲ្យដឹងថា ចាប់ពីថ្ងៃ៣-៧ ឧសភា ទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន។ បន្តពីថ្ងៃ៨ ឧសភា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ។ លក្ខណៈបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៧-៣៩អង្សាសេ ភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅតិច លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ចំណែក តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៦- ៣៨ អង្សាសេ។
ដោយឡែក តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣២-៣៤អង្សាសេ៕