ក្រុមហ៊ុនចិនបង្ហាញជំហរចូលរួមអភិវឌ្ឍវិស័យទឹកស្អាតកម្ពុជា

ភ្នំពេញ៖ លោក LIU JIANG ប្រធានប្រតិភូ សាខាការិយា ល័យ ក្រុមហ៊ុន Branch China Railway 11th Bueau Corporation Ltd បានបង្ហាញនូវ ជំហរចូលរួមកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការអភិវឌ្ឍ វិស័យទឹកស្អាត ដើម្បី កម្ពុជា សម្រេច បានតាមគោលដៅសម្រាប់ឆ្នាំ២០៣០ ។

ការបង្ហាញជំហរ របស់លោកលោក LIU JIANG ធ្វើឡើង កាលពីពេលថ្មីៗនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោកបន្តថានៅពេលខាងមុខ ក្រុមហ៊ុន នឹងបញ្ជូនអ្នកបច្ចេទេស មកសិក្សាស្វែងយល់ពីឱកាស វិនិយោគ និងកិច្ចសហប្រតិបត្តិការ ជាមួយភាគីកម្ពុជា ហេីយ ភាគី ទាំងពីរ នឹងឈានទៅចុះអនុស្សរណ:យោគយល់គ្នាមួយ ដើម្បីបើកផ្លូវឲ្យការអនុវត្តគម្រោងការ នានាប្រកបដោយជោគជ័យ ឈរលេីផលប្រយោជន៍ទៅវិញទៅមក និងមិត្តភាពយូរអង្វែង ។

ជាការឆ្លើយតប លោក ចម ប្រសិទ្ធ ថ្លែងថា កម្ពុជា ពិតជាមានតម្រូវការខ្លាំងណាស់លេីការអភិវឌ្ឍវិស័យទឹកស្អាត ដេីម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍរបស់ខ្លួន និងគោលដៅអភិវឌ្ឍ ប្រកបដោយចិរភាពសម្រាប់ឆ្នាំ២០២៥ គឺទីប្រជុំជនមានទឹកស្អាតប្រេីប្រាស់១០០% និងឆ្នាំ ២០៣០ ទឹកស្អាត សម្រាប់ទាំងអស់គ្នា ។

ជាមួយគ្នានេះ លោក រដ្ឋមន្រ្តី ក៏បានស្នើឲ្យក្រុមហ៊ុនពិនិត្យលទ្ធភាពការផលិតទឹកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរស់នៅខាងកេីតដងទន្លេមេគង្គ ដែលពួកគាត់បច្ចុប្បន្នកំពុងប្រេីប្រភពក្រោមដី បឹងបួរ ស្រះត្រពាំង ដែលជាប្រភពទឹកមិនស្អាត ជាពិសេស រងឥទ្ធិពលជាតិ គីមីពុល ដោយសារ ការទម្លាក់គ្រាប់បែក និងរោយម្សៅព័ណ៍ទឹកក្រូច ពីសហរដ្ឋអាមេរិក ក្នុងចុងទស្សវត្សន៍ទី៦០ និងដេីមទស្សវត្សន៍ទី៧០ ។

លោកបន្តថា បើពួកគាត់ប្រេីប្រភពទឹកពីដងទន្លេមេគង្គ ក៏មិនបានធ្វេីប្រព្រឹត្តកម្មសម្លាប់មេរោគឲ្យបានត្រឹមត្រូវផងដែរ។ ដូច្នេះ នេះ ជាគម្រោងធំ ដែលត្រូវមានកិច្ចសហការគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជាក្រុមហ៊ុន ចិន និងដៃគូអភិវឌ្ឍន៍ ឬក៏ជាជំនួយឥតសំណងរបស់ចិន ហេីយអនុវត្តដោយក្រុមហ៊ុនចិន តែម្តង ។ ក្នុងនោះមានតំបន់ជាច្រេីនទៀត លទ្ធភាពអាចយកទឹកពីបឹងទន្លេសាប ផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋនៅតំបន់ពាយ័ព្យប្រទេស តាមបណ្តោយព្រំដែនថៃ ជាដេីម ។

លោកបន្ថែមថា ចំពោះខេត្តព្រះសីហនុ ដែលជាខេត្តចាត់ទុកជាតំបន់សេដ្ឋកិច្ចពហុបំណង គឺលទ្ធភាពយកទឹកពីទំនប់វារីអគ្គិសនី កំចាយ និងក៏ប្រភពទឹកពីកំពង់សិលា សម្រាប់ផ្គត់ផ្គង់ភាគខាងជេីងរបស់ខេត្ត ។ ដោយឡែក នៅតំបន់កោះ ដែលមិនធ្លាប់មានការផលិតទឹកស្អាតទាល់តែសោះនោះ លោក ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្នេីឲ្យ ក្រុមហ៊ុន ពិនិត្យលទ្ធភាព តម្លើង ម៉ាស៊ីន ចម្រោះ ទឹកខ្នាតតូច ដាក់នៅជិតតំបន់ប្រជាពលរដ្ឋរស់នៅ ឬយេីងអាចប្រេីបច្ចេកវិទ្យាចម្រោះទឹកសមុទ្រផលិតចេញជាទឹកស្អាតបាន ៕