អភិបាលរងក្រុងបូកគោនឹងត្រូវជាប់ពន្ធនាគារ ពី២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១០លានរៀល ពាក់ព័ន្ធនឹងប្រើអំពើហិង្សាលើភរិយា

កំពតៈ លោក ឈុន ច័ន្ទសីហា អនុប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមស៊ើបសួរ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ បានសម្រេច ចេញដីការបង្គាប់ឱ្យឃុំខ្លួន លោក គឹម បញ្ញា អតីតអភិបាលរងក្រុងបូកគោ ពាក់ព័ន្ធនឹងប្រើអំពើហឹង្សា លើភរិយាខ្លួន ក្រោមបទបទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា ២២២ នៃក្រមព្រហ្មទណ្ឌ ។

បើតាមមាត្រានេះ លោក គឹម បញ្ញា ត្រូវជាប់ពន្ធនាគារ ពី២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១០ លានរៀល។

លោក គឹម បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កម្រិតវប្បធម៌ចប់បរិញ្ញាបត្រ មុខរបរ អភិបាលរងក្រុងបូកគោត្រូវបាន ឃាត់ខ្លួននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ជននេះត្រូវបានដាក់ក្រោមការពិនិត្យពីបទ ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន (ប្តីវាយប្រពន្ធ) ប្រព្រឹត្តនៅចំណុចភូមិអណ្តូងខ្មែរ សង្កាត់អណ្តូង ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ និងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា ២២២ នៃក្រមព្រហ្មទណ្ឌ ។

លោក ឈុន ច័ន្ទសីហា បាន ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំជនត្រូវចោទដែលមានឈ្មោះ គឹម បញ្ញា អាយុ ៣១ឆ្នាំ ទៅពន្ធនាគារខេត្តកំពត ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។ ប្រធានពន្ធនាគារខេត្តកំពត ទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ និង ឲ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឲ្យបានល្អនៅពេលដីការនេះត្រូវបានបង្ហាញក្នុងករណីចាំបាច់។

យោងតាមមាត្រា ២២២ នៃក្រមព្រហ្មទណ្ឌ ស្តីពីអំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអតីពីសង្វាសជន ឱ្យដឹងថា អំពើហឹង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១០ លាន រៀល កាលបើអំពើហិង្សានេះ ត្រូវបានប្រព្រឹត្តដោយ សហព័ទ្ឋ ឬដោយអនីតិសង្វាសជនរបស់ជនរងគ្រោះ ៕