ករណីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆេះផ្ទះចំនួន ០២ល្វែង នៅ​ក្រុងច្បារមន

កំពង់ស្ពឺ ៖ នៅយប់ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២​៣ វេលាម៉ោង២៤ និង​៤៥នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួន ០២​ល្វែង ដែលមានម្ចាស់ឈ្មោះ​ សុឹម ស្រីណែត ​ប្តីឈ្មោះ សន វាសនា នៅភូមិបុរីកម្មករ សង្កាត់ច្បា​រមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានមុខរ​បរលក់សម្ភារៈក្មេងនិងម្សៅទឹក​ដោះគោ​បណ្តាលឱ្យមនុស្សម្នាក់រងរបួស ។

មន្រ្តីនគរបាលក្រុងច្បារមន បានឲ្យដឹងថា ករណីខាងលេី បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ បានបំផ្លិចបំផ្លាញនូវទ្រ​ព្យ​ស​ម្បត្ដិ និងបង្ករបួសដល់ម្ចាស់ផ្ទះ​ផងដែរ ។ ទំហំនៃការខូចខាត បានរងរបួសស្រាលមនុស្សចំនួន ០១នាក់ ឈ្មោះសុឹម ស្រីណែត (ម្ចាស់ផ្ទះ) ឆេះផ្ទះចំនួន ០២ល្វែង ទំហំ១០ម×២៦ម ធ្វើអំពីថ្មចាក់ប្លង់សេ១សន្លឹកកន្លះ ឆេះសំបុត្រកំណើតអស់ចំនួន ០៥សន្លឹក ឆេះអត្តសញ្ញាណប័ណ្ណចំនួន ០១សន្លឹក ឆេះសៀវភៅស្នាក់នៅចំនួន ០១សន្លឹក ឆេះម៉ូតូ ០១គ្រឿង ម៉ាកនិច ពណ៌សលាយខៀវ សេរ៊ី២០២០ សាឡុង០១ឈុត និង ឆេះសម្ភារៈសម្រាប់តាំងលក់​កូនក្មេង​ ៖ ឡាន កង់ ខោ អាវ ស្បែកជើង ទឹកដោះគោ ខោទឹកនោមកូ​នក្មេង អស់ទាំងស្រុង ។

កម្លាំងនគរបាលបានជួយអន្ដរាគមន៍ប្រើប្រាស់រថ​យន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង ទឹកសរុប១៥ឡាន (រថយន្ត​ស្នងការ​ដ្ឋាន​ក្រុងច្បារមន​ និងស្រុក​សំរោងទង​) ៕