សម្តេច ស ខេង បញ្ជាអាជ្ញាធរ បន្ដបង្ក្រាបការជួញដូរមនុស្ស និងស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោស

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រ យុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបញ្ជា ឲ្យអាជ្ញាធរ បន្ដត្រួតពិនិត្យ និងបង្ក្រាបករណីបង្ខាំងមនុស្ស ការវិតត្បិតសេរីភាព ការធ្វើទារុណកម្ម ព្រមទាំងអំពើជួញដូរមនុស្សគ្រប់ប្រភេទ ហើយស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់។

ការលើកឡើងនេះក្រោយហ្វេសប៊ុកសម្តេចនៅតែបានទទួលបណ្តឹងពីពលរដ្ឋជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានជិត៧០០បណ្តឹង។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ សម្ដេច ស ខេង បានសរសេរថា លទ្ធផលប្រតិបត្តិការឆ្លងកាត់ជាង៤ខែ នៃចុងឆ្នាំ២០២២ សមត្ថកិច្ចពាក់ព័ន្ធបានសហការគ្នាធ្វើសកម្មភាព យ៉ាងសស្រាក់សស្រាំ ដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាព ធ្វើឲ្យសភាពការណ៍ ពាក់ព័ន្ធដល់សំណើសុំអន្តរាគមន៍ជួយដល់ជនបរទេស មានការថយចុះគួរឲ្យកត់សម្គាល់។

សម្ដេចថា «ខ្ញុំសូមបញ្ជាក់ជូនថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា នៅតែបន្តជំរុញសកម្មភាពក្នុងការត្រួតពិនិត្យ និងបង្ក្រាបទីតាំងអាជីវកម្ម ក្នុងករណីមានសំណើ ឬមានព័ត៌មានជាក់លាក់ពាក់ព័ន្ធទៅនឹងបទល្មើស ការបង្ខាំងមនុស្ស ការរិត្បិតសេរីភាព ការធ្វើទារុណកម្ម អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ការលួចលាក់បើកអាជីវកម្មល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងស្រាវជ្រាវរកជនល្មើស ដើម្បីផ្តន្ទាទោសតាមច្បាប់»។

សម្ដេចបន្ថែមថា អាជ្ញាធរនឹងបន្តពិនិត្យលើសំណើសុំអន្តរាគមន៍ដែលត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីវាយតម្លៃ និងបន្តការងារស្រាវជ្រាវ ស្វែងរកតាមសំណើ ឬសំណូមពរ សំដៅធានាសុវត្ថិភាពឲ្យបានដាច់ខាតដល់ ជនបរទេសដែលស្នើសុំអន្តរាគមន៍ ព្រមទាំងស្រាវជ្រាវ ស៊ើបអង្កេតឲ្យបានហ្មត់ចត់ និងចាត់វិធានការឱ្យបានម៉ឹម៉ាត់ចំពោះដនបទសដែលប្ដឹងបំប៉ោងព័ត៌មាន ឬបំពុលបរិយាកាសសង្គម ដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន។

ជាមួយគ្នានេះ សម្ដេច ស ខេង ក៏បានស្នើស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្តាប្រទេសពាក់ព័ន្ធ សហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព៕