សម្ដេច ហ៊ុន សែន ចង់បង្រៀនមន្ត្រីបក្សប្រជាជន លើទ្រឹស្តី ៣ ដោយសារសមត្ថភាពវិភាគនៅខ្សោយ

ភ្នំពេញ៖ ដោយសង្កេតឃើញថា សមត្ថភាពវិភាគរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា មួយចំនួននៅខ្សោយ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចង់បើកការបង្រៀនមន្ត្រីបក្សប្រជាជន លើទ្រឹស្ដីសំខាន់ៗចំនួន៣ ។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំ នាថ្ងៃ២៥ មេសានេះ សម្ដេចបានគូសបញ្ជាក់ថា «ខ្ញុំនិយាយដោយត្រង់ ដោយសារសមត្ថភាពវិភាគ របស់មន្ត្រីមួយចំនួន ហាក់ដូចជាមានភាពខ្សោយ ខ្ញុំកំពុងតែគិតថា នៅពេលខាងមុខគណបក្សប្រជាជន អាចនឹងបើកវគ្គបណ្ដុះបណ្ដាល ឥឡូវបើកហើយប៉ុន្តែមានទ្រឹស្ដី ៣ ដែលមិនទាន់បានបង្រៀន ហើយខ្ញុំចង់បង្រៀនខ្លួនឯង ទី១. សម្ភារៈនិយមវីចារវិទ្យា ដើម្បីជាគ្រឹះឲ្យមន្ត្រីរបស់យើងចេះវិភាគ, ទី២. សម្ភារៈនិយមប្រវត្តិសាស្ត្រ ជាគ្រឹះសម្រាប់រឿងវិភាគត្រូវសភាពការណ៍ និងទី៣. វិធីសាស្ត្រដឹកនាំ និងធ្វើការងារ» ។

សម្ដេច ហ៊ុន សែន លើកឡើងថា រឿងវិភាគត្រូវសភាពការណ៍ គឺចាំបាច់ណាស់ ដូចគ្រូពេទ្យអីចឹង បើវាយតម្លៃជំងឺមិនត្រូវទេ តើវាយថ្នាំយ៉ាងម៉េចត្រូវ ។ សម្ដេចថា ករណីអ្នកនយោបាយក៏ដូចគ្នាដែរ បើវិភាគខុស ដាក់វិធានការខុស ។

សម្ដេច បង្ហើបថា សម្ដេចប្រើវិធីសាស្ត្រចំនួន ៣ ក្នុងការវិភាគ ទី១.សម្ភារៈនិយមវីចារវិទ្យា , ទី២.ទស្សនៈប្រវត្តិសាស្ត្រ និងទី៣.កតវិទ្យា ដែលគួបផ្សំវិធីសាស្ត្រទាំង៣នេះ បានជាសម្ដេចកម្រវាយតម្លៃសភាពការណ៍ខុស ។

សម្ដេចបន្តថា ក្នុងគណបក្សគោរពនូវការវាយតម្លៃរបស់សម្ដេច ទៅលើសភាពការណ៍នានា ព្រោះកាលណាវាយតម្លៃខុស គឺដាក់វិធានការខុសហើយ ។

សម្ដេចថ្លែងថា សម្ដេចក៏បានមើលឃើញពីភាពទន់ខ្សោយ ខាងក្រុមប្រឆាំង គឺទន់ខ្សោយផ្នែកការវិភាគ វាយតម្លៃសភាពការណ៍ របស់ផ្ទៃក្នុងគណបក្សប្រជាជន មិនដែលចេះត្រូវ ។ សម្ដេចថា សម្ដេចបានប្រាប់ទៅសហការីរបស់សម្ដេចថា ទុកឲ្យគេវាយតម្លៃខុសតទៅទៀតចុះ ៕