សម្ដេច ហ៊ុន សែន ឲ្យនាយកវិទ្យាស្ថានជាតិអប់រំ រៀបចំកន្លែងអង្គុយបានសមរម្យ ដល់អ្នកមកលើកទឹកចិត្ត អ្នកទទួលសញ្ញាបត្រ

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការណែនាំដល់លោកបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ និងបុគ្គលិកអប់រំ នៃវិទ្យាស្ថានជាតិអប់រំ ត្រូវរៀបចំកន្លែងអង្គុយឲ្យបានសមរម្យ សម្រាប់អ្នកមកលើកទឹកចិត្ត អ្នកទទួលសញ្ញាបត្រ។

នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោបានស្នើនាយកវិទ្យាស្ថានជាតិអប់រំថា «ខ្ញុំ មើលទៅមិនមែនសម័យសតវត្សទី២១ ដែលគេហៅថា សម័យតេជោនោះទេ ព្រោះនៅខាងក្រៅ រខេក រខាក លោកឯងទៅឈរមើល (លោក សៀង សុវណ្ណា) ហើយជួលគេដាក់បន្ដិចទៅ ឲ្យវាស្អាត ដាក់ម៉ាស៊ិនត្រជាក់ ឲ្យគ្នាអង្គុយនៅខាងក្រៅ គ្នានៅខាងក្រៅហើយ ឲ្យគ្នាក្ដៅទៀត»។

សម្ដេច ក៏បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូបង្រៀន បន្តខិតខំសិក្សាលើកកម្រិតវិជ្ជាជីវៈរបស់ខ្លួន ដើម្បីឈានទៅដំឡើងក្របខណ្ឌនៃការបង្រៀនរបស់ខ្លួន និងឈានទៅអប់រំដល់កម្រិតបរិញ្ញាបត្របូកមួយ ដែលស្របទៅនឹងគោលនយោបាយការរៀនពេញមួយជីវិតដែលរាជរដ្ឋាភិបាលបានដាក់ចេញ៕