ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងបញ្ចេញពូជដង្កូវនាងប្រភេទថ្មី មានឈ្មោះថា «នាងសូត្រស» ដែលស្របទៅនឹងតម្រូវការទីផ្សារ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុផងដែរ។
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការបញ្ចេញប្រភេទពូជដង្កូវនាង បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាវាយតម្លៃលើប្រភេទពូជដង្កូវនាង ដែលបង្កាត់ថ្មីដោយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម សហការជាមួយមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ ហៅថា កូពារ (KOPIA)។
ពូជដង្កូវនាងនេះ ដែលត្រូវបានស្នើសុំដាក់ឈ្មោះថា «CK174» ត្រូវបានគណៈកម្មាធិការបញ្ចេញពូជដង្កូវនាងស្នើដាក់ឈ្មោះថា «នាងសូត្រស» ដោយហេតុថា ពូជដង្កូវនាងនេះ មានសសៃសូត្រពណ៌ស ផ្តល់ទិន្នផលសូត្រខ្ពស់ជាងពូជក្នុងស្រុក មានលក្ខណៈសមស្របនឹងប្រព័ន្ធក្សេត្របរិស្ថាននៅកម្ពុជា។
មិនត្រឹមតែប៉ុណ្ណោះ ពូជដង្កូវនាងដែលទើបបង្កាត់ថ្មីនេះ មានគុណភាពល្អ ស្របទៅនឹងតម្រូវការទីផ្សារ ធន់នឹងការប្រែប្រួលអាកាសធាតុនិងសមាសភាពចង្រៃ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ សម្រាប់ផ្សព្វផ្សាយជូនដល់កសិករ សហគមន៍កសិកម្ម និងភាគីពាក់ព័ន្ធ។ នាឱកាសនោះ គណៈកម្មាធិការ បានឯកភាពស្នើសុំ លោករដ្ឋមន្ត្រីកសិកម្ម ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់បញ្ចេញពូជដង្កូវនាងជាផ្លូវការ។
លោក តូច ប៊ុនហួរ បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម និងភាគីពាក់ព័ន្ធដទៃទៀត ដែលបានចូលរួមក្នុងដំណើរការពិសោធន៍ ស្រាវជ្រាវ និងផ្តល់យោបល់ ធ្វើឲ្យការសិក្សាស្រាវជ្រាវពូជដង្កូវនាងទទួលបានលទ្ធផល ល្អស្របតាមគោលដៅដែលបានគ្រោងទុក៕