ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នេះ ធ្វើឡើងក្នុងពិធីសម្ពោធបើកប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត សាខាសំរោងអណ្តែត នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រីក៏បានបង្ហាញក្តីសង្ឃឹមថា ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ-បាវិត នឹងសាងសង់ចប់សព្វគ្រប់ នៅដើមឆ្នាំ២០២៧។
លោកថ្លែងថា «ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិត នឹងបើកការដ្ឋានក្រោមអធិបតីភាព សម្ដេច ហ៊ុន សែន នៅថ្ងៃទី៧ ខែមិថុនា ដើម្បីចាប់ផ្ដើមកសាងផ្លូវល្បឿនទីពីរនៅកម្ពុជាយើងពីភ្នំពេញ ទៅបាវិតទល់ដែនកម្ពុជា-វៀតណាម។ ភាគីវៀតណាម ក៏ធ្វើពីមុកប៉ៃ ទៅហូជីមិញ។ ដូច្នេះ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅទីក្រុងហូជីមិញ។ ខ្ញុំសង្ឃឹមថា ភាគីពាក់ទាំងពីរ នឹងធ្វើចប់សព្វគ្រប់ចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧»។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងថា ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅសៀមរាប ក៏កំពុងសិក្សាផងដែរ ហើយនៅខែឧសភា ឆ្នាំ២០២៣ ខាងមុខ នឹងសិក្សាចប់សព្វគ្រប់។ លោកទេសរដ្ឋមន្ដ្រីថា «ក្រោយសិក្សារួច យើងនឹងពិចារណា តើអាចធ្វើបានទេ? ខ្ញុំ នឹងសង្ឃឹមថា នឹងអាចធ្វើបាន ហើយយើងនឹងមានផ្លូវល្បឿនលឿនទីបីពីភ្នំពេញ ទៅសៀមរាប»៕