ក្រសួងមហាផ្ទៃ បង្កើតក្រុមការងារវាយតម្លៃ លើការដំឡើងឋានន្តរស័ក្តិ ជូនមន្ត្រីរាជការ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំប្រកាសផ្សព្វផ្សាយសមាសភាព និងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ វាយតម្លៃ លើដំណើរការប្រព្រឹត្តទៅនៃការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ក្រោមអធិបតីបតីភាព លោក ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

លោក ឡាំ ជា បានលើកឡើងថា ក្រុមការងារមានតួនាទី ភារកិច្ចសិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងមហាផ្ទៃ និងរៀបចំទម្រង់បែបបទ នីតិវិធីសម្រាប់បម្រើឲ្យការពិនិត្យ វាយតម្លៃការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល។

លោកបន្ថែមថា ការៀបចំក្រុមការងារនេះឡើង ក្នុងន័យលើកទឹកចិត្ត ស្វែងរកមន្ត្រីរាជការដែលបំរើការងារយូរឆ្នាំ មិនជាប់ពិន័យអ្វីទាំងអស់ដែលមិនទាន់បានតម្លើងឋានន្តរស័ក្តិ ថ្នាក់ ជូនពួកគាត់នៅឡើយ ហើយការងារនេះក៏ដើម្បីស្វែងរកទិន្ន័យពិតប្រាកដនៃចំនួនអ្នកឡើងឋានន្តរស័ក្តិ និងអ្នកមិនទាន់បានឡើងឋានន្តរស័ក្តិ៕