សម្តេច ហ៊ុន សែន ចង់ឃើញប្រទេសលើពិភពលោកបង្វែការផលិតអាវុធបំផ្លាញគ្នា មកផលិតថ្នាំពេទ្យ

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសចង់ឃើញ ប្រទេសលើពិភពលោក បង្វែការយកថវិកាទៅផលិតអាវុធបំផ្លាញគ្នា បែរមកជាការផលិតជាថ្នាំពេទ្យដើម្បីចែកចាយជូនឬលក់ដល់ប្រជាពលរដ្ឋនៅបណ្តាប្រទេសនានាក្នុងតម្លៃសមរម្យសម្រាបប់ព្យាបាលជាការល្អជាង។

សម្តេច បានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភពស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី២០មេសា ថា នៅលើពិភពលោកបើសិនយកលុយនៃការប្រើប្រាស់លើអាវុធផ្ទេរមកផលិតថ្នាំពេទ្យលក់ចែកចាយការពារសុខ ភាពប្រជាពលរដ្ឋជាការល្អ “តែខ្ញុំមិនដឹងនៅលើពិភពលោកតម្លៃឱសថនឹងធ្លាក់ចុះប៉ុន្តែឥឡូវប្រទេសមួយៗគិតតែនាំគ្នារឿងបង្កើនកំលាំងទាហានបង្កើនសព្វាវុធសម្រាប់កម្ទេចគ្នាទៅវិញទៅមកដោយចាយលុយអស់ច្រើនណាស់”។

សម្តេច បន្តថា បើសិនបណ្តាប្រទេសលើពិភពលោកទដែលនាំគ្នាផលិតអាវុធសម្រាប់កម្ទេចគ្នានោះផ្ទេរតែ៥០%មក ដើម្បីផលិតថ្នាំពេទ្យឧបករណ៍ពេទ្យលក់លើពិភពលោកឲ្យបានថោកត្រឹមជាង៥០% ប្រជាជននឹងទទួលបានផលប្រយោជន៍ធំ ប៉ុន្តែប្រទេសនានា គេមិនបានគិតបែបនេះទេ។

សម្តេចបញ្ជាក់ថា «ផ្ទុយទៅវិញគេគិតតែរកវិធីណាផលិតអាវុធនេះ ដើម្បីវៃគ្នាផ្អើលអីចឹងហើយអ្នកដែលចំណេញពិតប្រាកដគឺអ្នកផលិតអាវុធហើយឥឡូវអាវុធបានដើរបំផ្លាញជីវិតមនុស្ស។កម្ពុជាបានដោះស្រាយបញ្ហាដោយយើងបានបញ្ចប់សង្គ្រាមហើយ ប៉ុន្តែប្រើ ប្រាស់អាវុធបានធ្វើការខុសឆ្គង»៕