អបអរសាទរ! បេក្ខជន-បេក្ខនារី សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣ មកពី ៣ ខេត្ត ជាប់ក្នុងវគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ

ភ្នំពេញ៖ ក្រោយផុតកំណត់កាលបរិច្ឆេទ នៃការប្រកាសជ្រើសរើស បេក្ខជន-បេក្ខនារី ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី “សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣” កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ គណៈកម្មការវាយតម្លៃការប្រកួត បានចុះជ្រើសរើស បេក្ខជន-បេក្ខនារី មកពីខេត្តផ្សេងៗគ្នាចំនួន៣ ក្នុងវគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ រួមមាន៖ ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដែលបានឆ្លងកាត់នូវការប្រកួតបញ្ចេញសមត្ថភាពរបស់ខ្លួន ស្របទៅតាមលក្ខខណ្ឌនៃកម្មវិធីតម្រូវ។

ដោយឡែកសម្រាប់បណ្តាខេត្តផ្សេងៗទៀត គណៈកម្មការវាយតម្លៃការប្រកួត នឹងបន្តចុះជ្រើសរើសក្នុងវគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃបន្តបន្ទាប់ ហើយសម្រាប់វគ្គផ្តាច់ព្រ័ត នឹងត្រូវរៀបចំនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមបញ្ជាក់ថា៖ ការរៀបចំកម្មវិធី “សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣” ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់លោក អ៉ិត​ សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សំដៅលើកតម្កេីងតម្លៃកម្មករ-កម្មការិនី និងបង្កើតនូវឱកាសបញ្ចេញសមត្ថភាពរបស់បងប្អូនកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារក្នុងឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ នៅកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ៕