ស្រុកត្រាំកក់: សមត្ថកិច្ចខេត្តតាកែវ ឱ្យដឹងថា នៅរសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១៥ និង០០នាទី មានករណីឆក់មានស្ថានទម្ងន់ទោសបង្គោលឡើងដោយជនសង្ស័យចំនួន ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះចំនួនពីរនាក់ដែលកំពុងជិះម៉ូតូម៉ាកស្កុបពីឌុប.កូន.តូច.ចេញពីផ្សារអង្គតាសោមតាមផ្លូវ ឆ្ពោះទៅផ្ទះវិញ តែពេលធ្វើសកម្មភាពជនសង្ស័យ យកទូរស័ព្ទពុំបានទេ ដោយជនរងគ្រោះប្រតោងប្រតាយយកបានវិញបណ្ដាលឲ្យដួលម៉ូតូរងរបួសទាំងម្ដាយនិងកូន។
សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង ០២នាក់មានឈ្មោះ÷
១. ឈ្មោះ ម៉ម សុខ ហៅ កែវ ភេទប្រុស អាយុ ១៨ ឆ្នាំនៅភូមិសេកយា ឃុំអង្គតាសោម។
២. ឈ្មោះថន លីហ្សា ភេទប្រុស អាយុ ១៧ ឆ្នាំនៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ខេត្តតាកែវ ជិះម៉ូតូម៉ាកនិចពណ៌ផ្កាឈូកលាយសគ្មានផ្លាកលេខប្រដាប់ដោយកាំ.បិត.ក្រង៉ុក។
ក្រោយពីទទួលបានព័ត៌មានពីកន្លែងកើតហេតុ និងមានបទបញ្ជាពីលោកស្នងការព្រមទាំងមានការសម្របសម្រួលដោយ ព្រះរាជអាជ្ញា សមត្ថកិច្ចជំនាញបានចេញអន្តរាគមន៍ភ្លាមៗដោយឃាត់បានជនសង្ស័យទាំង០២នាក់ ដែលមានឈ្មោះដូចខាងលើព្រមទាំងវត្ថុតាងម៉ូតូម៉ាកនិចនិងកាំបិតក្រង៉ុកត្រង់ចំណុចភូមិសេកយា ឃុំអង្គតា សោម ខេត្តតាកែវ។
តាមការសាកសួរជនសង្ស័យបានសារភាពថាខ្លួនបានធ្វើសកម្មភាពឆក់ចំនួន ៤ លើករួចមកហើយ។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕