ខេត្តក្រចេះទទួលបានគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំតម្លៃ ៧៣,៤លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន ខណៈ ខេត្តក្រចេះទទួលបានគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំតម្លៃ ៧៣,៤លានដុល្លារ។
តាមការផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យដឹងថា ក្រុមហ៊ុន “EASTERN RUBBER (CAMBODIA) CO., LTD” មាន គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំដែលមានទីតាំងវិនិយោគស្ថិតស្រុកស្នួល ខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩កន្លែង។


ដោយឡែក ក្រុមហ៊ុន “RITHY RUBBER (CAMBODIA) CO., LTD” មាន គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃបឹងពែរ នៅឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ក្នុងទុនវិនិយោគប្រមាណ ១២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥៨កន្លែង។

ជាមួយគ្នានេះ ក្រុមហ៊ុន “GE NEW ENERGY TECHNOLOGY (CAMBODIA) CO., LTD” មាន គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង។


ខណៈ ក្រុមហ៊ុន “JINGMAOGUOJI (CAMBODIA) GARMENT CO., LTD” មាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៧៥កន្លែង។


បន្ថែមពីនេះ ក្រុមហ៊ុន “EBELNO (CAMBODIA) CO., LTD” មានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារៈអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៥១កន្លែង៕