អង្គរសង្រ្កាន្តរយៈពេល ០៣ថ្ងៃ បានបញ្ចប់ទៅប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់

ភ្នំពេញ៖ អង្គរសង្រ្កាន្តរយៈពេល ០៣ថ្ងៃ បានបញ្ចប់ទៅប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានបន្សល់ទុកនូវស្នាមញញឹមរាប់មិនអស់ពីសំណាក់លោកយាយលោកតា ពុកម៉ែ អ៊ុំ មាមីង បងប្អូន ជនរួមជាតិខ្មែរ ដែលអញ្ជើញមកពីគ្រប់ទិសទី។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី ១៧ ខែមេសានេះ ថ្លែងថា ក្រឡេកទៅមើល ១០ឆ្នាំមុន ធ្វើឱ្យលោក នឹកដល់ជំហានដំបូងនៃការចាប់ផ្តើមការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ១០ឆ្នាំមកនេះ យើងបានបង្កើតចំណងមិត្តភាព ភាតរភាព និងសាមគ្គីភាពយ៉ាងរឹងមាំ ហើយចេញពីអង្គរសង្រ្កាន្ត យើងបានបង្កើតសមិទ្ធផលជាច្រើនផ្សេងទៀតរួមគ្នា។

ក្នុងនាមក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា លោកសូមថ្លែងអំណរគុណយ៉ាងខ្ពស់ខ្ពស់បំផុតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រ និងផ្តល់ភាពកក់ក្តៅដល់ក្រុមការងាររៀបចំ តាមរយៈការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើក ក៏ដូចជាចូលរួមទស្សនាតាមកម្មវិធីនានាជាច្រើន។

សារជាថ្មីម្តងទៀត ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប លោក ថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងជំងឺឆ្លងរាលដាល កូវីដ-១៩ ប្រកបដោយជោគជ័យ ទើបយើងអាចមានឱកាសរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានដោយជោគជ័យ។

បន្ថែមពីនេះ លោក មថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះគ្រប់កោសិកាទាំងអស់ ដែលបានធ្វើឱ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខួប ១០ឆ្នាំ អាចកើតមានឡើងបាន។ ទីមួយ សូមថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ រដ្ឋបាលខេត្ត ដែលបានសហការ ផ្តល់កិច្ចសម្របសម្រួលគ្រប់បែបយ៉ាង ក៏ដូចជាការគាំទ្រផ្សេងៗ។

ទីពីរ សូមថ្លែងអំណរគុណជូនចំពោះ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនីស្ម័គ្រចិត្ត ដែលបានចូលរួមតម្លើង និងសម្តែងទស្សនីយភាពដ៏អស្ចារ្យជាច្រើនក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ទីបី សូមថ្លែងអំណរគុណដល់ វិស័យឯកជន ដៃគូឧបត្ថម្ភ សហគ្រិន អាជីវករទាំងអស់ដែលបានសហការគាំទ្រ និងជាពិសេស ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋខេត្តសៀមរាបដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកលេងអង្គរសង្រ្កាន្ត។

ជាពិសេសជាងគេបំផុត លោកបានថ្លែងអំណរគុណដល់ក្រុមគ្រួសារយុវជនស្ម័គ្រចិត្តគ្រប់ក្រុមសមត្ថកិច្ច ក្រុមគ្រូពេទ្យ អ្នកអនាម័យ ក្រុមបច្ចេកទេស ដែលជាអ្នកអនុវត្តផ្ទាល់ក្នុងការងារធានានូវដំណើរការរបស់អង្គរសង្រ្កាន្ត។ អ្នកទាំងអស់គ្នានេះហើយ គឺជាមូលហេតុនៃស្នាមញញឹមរាប់លានក្នុងរយៈពេល ៣ថ្ងៃនេះ៕