«សង្រ្កាន្តរតនគិរី២០២៣»ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ១១មុឺននាក់

រតនគិរី៖ រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៦ ខែមេសា ដែលរដ្ឋបាលខេត្តរៀបចំសង្រ្កាន្តរតនគិរីដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំថោះបញ្ចស័កព.ស២៥៦៧គ.ស ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន
១១៤,២៤៥នាក់កើនឡើង ២២.៥៤%។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី ឱ្យដឹងថា ក្នុងនោះមានភ្ញៀវទេសចរក្នងស្រុកចំនួន៦៥,៩២៣នាក់ ភ្ញៀវទេសចរជាតិចំនួន៤៨,០៧៧នាក់ កើន២២.៤២%ភ្ញៀវទេសចរអន្តរជាតិចំនួន២៤៥នាក់ កើនឡើង ៥០.៣១% បានដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានា ក្នុងខេត្តរតនគិរីជាពិសេសកន្លែងប្រារព្ធពិធីសង្រ្កាន្តនៅបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីឱ្យដឹងថា ចំនួនភ្ញៀវទេសចរមានការហក់ឡើងខ្លាំងបែបនេះគឺដោយសារកត្តាសុខសន្តិភាព កត្តាហេដ្ឋារចនាសម្ព័ន្ធមានការតភ្ជាប់បានល្អជាពិសេសរួមផ្សំនឹងការគិតគូរយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តដែលមានលោក ញ៉ែម សំអឿន ជាអភិបាលខេត្តបានរៀបចំរចនាសម្ព័ន្ធនានា ក្នុងខេត្តបានល្អ និងរៀបចំឱ្យមានព្រឹត្តិការណ៍ «សង្ក្រាន្តរតនគិរី២០២៣»រយៈពេល៧ថ្ងៃ ផងនោះទើបមានលំហូរភ្ញៀវទេសចរចូលមកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីមានការហក់ឡើងគួរឱ្យមោទនៈ។

លោកបន្តថារយៈពេល៧ថ្ងៃនេះប្រជាពលរដ្ឋក្នុងខេត្តក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិពួកគាត់ពិតជាមានការសប្បាយរីករាយជាមួយនឹងការរាំលេងកម្សាន្ត,លេងល្បែងប្រជាប្រិយ, ល្បែងកម្សាន្តផ្សេងៗជាច្រើនដូចជាប៉ាតម្សៅ, លេងបាញ់ទឹកនិងបាញ់ពពុះទឹកគួរឱ្យទាក់ទាញ និងពេញនិយមពីមនុស្សរាប់ម៉ឺននាក់ចូលរួមលេងកម្សាន្តសប្បាយយ៉ាងត្រជាក់ចិត្តក្នុងមួយថ្ងៃៗ។

ជាមួយគ្នានោះដែរថ្នាក់ដឹកនាំខេត្តក៏បានចូលរួមលេងល្បែងប្រជាប្រិយជាមួយបងប្អូនប្រជាពលរដ្ឋ និងរាំលេងកម្សាន្តប្រកបដោយទឹកមុខសប្បាយរីករាយក្រៃលែងក្រោមម្លប់សន្តិភាព និងមានការអភិវឌ្ឍន៍ដែលធ្វើឱ្យប្រជាពលរដ្ឋមានភាពជឿជាក់៕