លោក ហ៊ុន ម៉ានី៖ ការសម្រេចបានកំណត់ត្រាពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» កើតចេញពីការខិតខំប្រឹងប្រឺងរបស់ប្រជាជនកម្ពុជាម្នាក់ៗ

ភ្នំពេញ៖លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលលើឡើងថា ការសម្រេចបានកំណត់ត្រាពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» នេះ ច្បាស់ណាស់គឺបានកើតចេញពីការខិតខំប្រឹងប្រឺងរបស់ប្រជាជនកម្ពុជាម្នាក់ៗ ដែលបានប្រគល់នូវទឹកចិត្តនៃក្តីស្រលាញ់ជូនចំពោះកីឡាករ កីឡាការិនី ជម្រើសជាតិតាមរយៈការបត់បេះដូងជាតំណាង។

ការលើកឡើងរបស់ លោក ហ៊ុន ម៉ានី នេះ ធ្វើឡើង នៅក្រោយ កម្ពុជា ត្រូវបានកត់ត្រាជាផ្លូវការចូលក្នុងកំណត់ត្រាពិភពលោក Guinness World Records នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នាវេលាម៉ោង ៥:១៧ល្ងាច ដែលមានចំនួនបេះដូងសរុប ៣,៩១៧,៨០៥ បេះដូង។

លោក ហ៊ុន ម៉ានីថ្លែងថា ៖ «ក្នុងនាមជាពលរដ្ឋខ្មែរ និងក្នុងនាមជាផ្នែកមួយនៃយុទ្ធនាការបំបែកឯតទគ្គកម្មពិភពលោកនេះ ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទូទាំងប្រទេស ដែលបានរួមគ្នាមូលមីចូលរួមបត់បេះដូង រហូតសម្រេចចំនួនដ៏ច្រើនមហិមានាថ្ងៃនេះ។ សូមអរគុណដោយស្មោះចេញពីក្រអៅបេះដូង!នេះជាភាសាបេះដូងរបស់យើងទាំងអស់គ្នាសម្រាប់កម្ពុជា!»។

កំណត់ត្រាថ្មីរបស់កម្ពុជានេះ ប្រព្រឹត្តទៅនៅក្នុងបរិវេណប្រាសាទអង្គរវត្តខេត្តសៀមរាប បន្ទាប់ពីបេះដូងក្រដាសជាច្រើនបានដាក់រៀបចំតុបតែងតាំងបង្ហាញដោយការប្រើចង្កាក់ឬស្សី ហើយតម្រៀបចេញជាសួនបេះដូងដែលមានរូបរាងជា «បេះដូង» និងពាក្យថា «ខ្មែរ» បានបង្ហាញពីភាពជាខ្មែរ ក្តីស្រឡាញ់ និងការលើកតម្កើងកេរមរតក វប្បធម៌ អរិយធម៌ខ្មែរដ៏យូរលង់របស់បុព្វបុរសយើង។

តាមរយៈចំនួននៃការចូលរួមហួសពីការរំពឹងទុក ពិតជាបានសបញ្ជាក់ពី «ភាសាបេះដូងសម្រាប់កម្ពុជា» យើងសូមចែករំលែកនូវភាពជោគជ័យមួយនេះទៅកាន់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលបានចូលរួមបង្ហាញពីកាយវិការខ្វល់ខ្វាយ ការយកចិត្តទុកដាក់ ការគាំទ្រសាទរ ការចែករំលែក ស្គាល់ពីទុក្ខធុរៈគ្នា ការលះបង់ពេលវេលា ឬធនធានផ្ទាល់ខ្លួនសម្រាប់អត្តពលិកកម្ពុជាផង និងការចូលរួមសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជាផង៕