គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាលពី ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣” ជូនដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងមន្រ្តី គ.ជ.ប សរុបប្រមាណ ១២៩នាក់ ។

បើតាម គ.ជ.ប វគ្គបណ្ដុះបណ្ដាលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប ក្នុងគោលបំណងដើម្បីធានាឱ្យការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះថា ដើម្បីធានាឱ្យការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ប្រព្រឹត្តទៅស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី និងដោយរលូន ព្រមទាំងមានប្រសិទ្ធភាពខ្ពស់ គឺចាំបាច់ត្រូវមានការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពរបស់មន្រ្តីបោះឆ្នោត និងភាគីពាក់ព័ន្ធឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីបទប្បញ្ញត្តិនៃច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងបច្ចេកទេសក្នុងការរៀបចំបញ្ជីបេក្ខជន និងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ តាមកម្មវិធីកុំព្យូទ័រ និងដោយដៃ។

លោកបន្តថា វគ្គបណ្តុះបណ្តាលលើកនេះមានលក្ខណៈខុសប្លែកពីវគ្គបណ្ដុះបណ្ដាលមុនៗ ដោយនាពេលនេះ យើងធ្វើការបណ្ដុះបណ្ដាលទាំងនីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ រួមទាំងមានការបង្ហាញពីរបៀបអនុវត្តកម្មវិធី ជាពិសេសគឺការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងការរៀបចំបញ្ជីបេក្ខជនដើម្បីជាជំនួយដល់គណបក្សនយោបាយ ក៏ដូចជាមន្រ្តីបោះឆ្នោត។
លោក សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីបន្ថែមទៀត ដើម្បីយកទៅអនុវត្តការងារពាក់ព័ន្ធនឹងការរៀបចំការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងមានភាពត្រឹមត្រូវ។

តាមប្រតិទិនរបស់ គ.ជ.ប ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ គឺមានរយៈពេល ១៥ថ្ងៃ៕