បាត់ដំបង៖ សមត្ថកិច្ចខេត្តកោះកុង ឱ្យដឹងថា កាលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៨និង០៥នាទី នៅចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល បានទទួលបានពាក្យបណ្ដឹង មានករណីលួច (កាត់ខ្សែភ្លើង) ពីជនរងគ្រោះឈ្មោះ ព្រឹម ស៊ុន ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
សមត្តកិច្ចបន្តថា ក្រោយទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចនគរបាលផ្នែកជំនាញស្រុករតនមណ្ឌល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១២និង៥០នាទី កម្លាំងជំនាញបានកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ ហេង សុខណេង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (អ្នកលួច) និង២.ឈ្មោះ បុិន តាំង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (អ្នកទិញអេតចាយ)។
ករណីខាងលើនេះ កម្លាំងនគរបាលស្រុករតនមណ្ឌល បាននាំខ្លួនសង្ស័យទាំង០២នាក់ យកធ្វើការសាកសួរ នៅអធិការដ្ឋានស្រុករតនមណ្ឌល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះឈ្មោះ ព្រឹម ស៊ុន ហើយយកទៅលក់អោយឈ្មោះ បុិន តាំង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ពិតប្រាកដមែន។ វត្ថុតាងដកហូតរួមមាន ខ្សែភ្លើងចំនួន ៧.៥គីឡូក្រាម ។
នៅពេលនេះ សមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល បានរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យ០២នាក់ មកផែនជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕