ពោធិ៍សាត់: យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ បានចាប់ផ្តើមធ្វើឡើងនៅខេត្តពោធិ៍សាត់ជាលើកដំបូង នៅថ្ងៃទី៦ និងទី៧ ខែមេសា ឆ្នាំ២០២៣។ យុទ្ធនាការនេះត្រូវបានផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថានក្រោមការដឹកនាំរបស់ លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ដែលបានបញ្ចប់ដោយជោគជ័យនៅដំណាក់កាលទី១ ប្រព្រឹត្តឡើងក្នុងឆ្នាំ២០២២។
យុទ្ធនាការនេះបានបន្តដំណើររដល់ដំណាក់កាលទី២ ដែលបានចាប់ផ្តើមធ្វើមុនគេក្នុងខេត្តពោធិ៍សាត់នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ។
យុទ្ធនាការអន្ទា្កក់សូន្យដំណាក់កាលទី២ ដឹកនាំដោយក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយអង្គការដៃគូអភិរក្ក្សជាច្រើនដូចជា Wildlife Alliance, WWF, USAID, Wild Earth Allies, Conservation International, Angkor Center for Conservation of Biodiversity, Maddox Jolie-Pitt Foundation, Wildlife Conservation Society, NatureLife Cambodia, Fauna and Flora International និង RECOFTC។ ខេត្គគោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២នេះ មាន ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលរៀបចំឡើងដោយមានការសហការពីរដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្ត។
គោលបំណងដ៍សំខាន់នៃយុទ្ធនាការនេះគឺ “អន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិទាំងអស់” ជាមួយលទ្ធផលដែលបានរំពឹងទុកដូចជា ៖
• ការពិនិត្យនិងអនុម័ត្តមាត្រាច្បាប់ដែលទាក់ទងការគ្រប់គ្រង ការដាក់អន្ទាក់ និងការបណ្តើរឆ្កែក្នុងតំបន់ការពារធម្មជាតិ ។
• ការបង្កើតអង្គភាពចល័តអនុវត្តច្បាប់ចម្រុះនៅតាមខេត្តដើម្បីត្រួតពិនិត្យនិងបង្រ្កាបការជួញដូរសត្វព្រៃខុសច្បាប់នៅតាមទីផ្សារ និងកន្លែងសំខាន់ៗក្នុងខេត្ត។
• ការអនុម័តវិធានការបង្ការណែនាំអំពីហានិភ័យសុខភាពសាធារណៈដែលទាក់ទងនឹងការជួញដូរសត្វព្រៃដែលមានចែងដោយអង្គការសុខភាពពិភពលោកក្នុងខែមេសា ឆ្នាំ ២០២១។
• ការចូលរួមពីសាធារណៈក្នុងការបញ្ឈប់ការបរិភោគសាច់សត្វព្រៃ តាមរយៈការផ្លាស់ប្តូរឥរិយាបទនិងទំលាបនៃការរស់នៅ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលកំពុងប្រព្រឹត្តនៅខេត្តពោធិ៍សាត់ហើយនឹងគ្រោងធ្វើនៅតាមបណ្តាលខេត្តផ្សេងទៀតដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ។ យុទ្ធនាការនេះបានឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មោះមុតដែលមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងការលុបបំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ រួមជាមួយការបង្កើតនូវមុខរបរផ្សេងៗសម្រាប់ចិញ្ចឹមជីវិតជំនួសវិញ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋានរបស់យើង។
ក្រសួងបរិស្ថានបានជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ស្ថាប័នពាក់ព័ន្ធរួមមាន ថ្នាក់ក្រោមជាតិ និងអាជ្ញាធរខេត្ត ក្នុងការពង្រឹងការអនុវត្តច្បាប់ដែលគាំទ្រដល់ការការពារសត្វព្រៃ និងលើកទឹកចិត្តដល់សហគមន៍មូលដ្ឋានក្នុងការអភិរក្សសត្វព្រៃដើម្បីអភិវឌ្ឍន៍អេកូទេសចរណ៍។ ក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ ព្រោះសកម្មភាពទាំងនេះសុទ្ធតែប៉ះពាល់ដល់សត្វព្រៃ និងជីវចម្រុះរបស់កម្ពុជា ដែលមានសារៈសំខាន់ជាសាកល។ នៅពេលដែលអន្ទាក់ត្រូវបានលុបបំបាត់ នោះការសម្លាប់សត្វព្រៃក៏ត្រូវបានបញ្ឈប់ដូចគ្នា។ ការលុបបំបាត់ការដាក់អន្ទាក់ ទាមទារឱ្យការប្តេជ្ញាចិត្តនិងការចូលរួមរបស់យើងទាំងអស់គ្នា។ យើងត្រូវរួមគ្នាការពារសត្វព្រៃនៅកម្ពុជា និងការពារប្រព័ន្ធជីវចម្រុះធម្មជាតិ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអត្ថប្រយោជន៍រយៈពេលវែងពីជំនាន់បច្ចុប្បន្ន តទៅនាពេលអនាគត»។
លោក John Willis នាយកប្រចាំប្រទេសនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានមានប្រសាសន៍ទៅលើតួនាទីរបស់ព្រៃឈើក្នុងការទប់ទល់ទៅនឹងភាពបម្រែបម្រួលអាកាសធាតុ និងអាចជួយទាក់ទាញភ្ញៀវទេសចរណ៍។ លោក John Willis មានប្រសាសន៍ថា៖ «អ្នកប្រមាញ់សត្វព្រៃដោយការដាក់អន្ទាក់អាចទទួលបានអត្ថប្រយោជន៍រយៈពេលខ្លីសម្រាប់ខ្លួនគាត់ ប៉ុន្តែនាំផលវិបាកដល់អ្នកផ្សេងទៀតនៅក្នុងសហគមន៍។ អន្ទាក់ជះឥទ្ធិពលអាក្រក់ទៅលើប្រាក់ចំណូលពីការលក់ឥណទានកាបូន និងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងរារាំងសកម្មភាពអេកូទេសចរណ៍ដែលបង្កើតប្រាក់ចំណូលនៅតាមជនបទ។ អន្ទាក់ប្រៀបបានទៅនឹងមីនសម្រាប់សត្វព្រៃដោយសារអន្ទាក់ជាឃាតករសម្លាប់មិនរើសមុខ។ អន្ទាក់ថែមទាំងបំផ្លាញដល់ឳកាសមុខរបររកស៊ី និងសេដ្ឋកិច្ចគ្រួសារសម្រាប់គ្រួសារដែលមិនប្រព្រឹត្តសកម្មភាពដាក់អន្ទាក់ផងដែរ»។
លោក សេង ទៀក នាយកអង្គការ WWF បានមានប្រសាសន៍ថា៖ «គិតត្រឹមថ្ងៃនេះវាមារយៈពេល មួយឆ្នាំគត់ដែលក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ បានធ្វើយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី ១ ហើយយើងមានសេចក្តីសោមនស្សរីការាយដែលយុទ្ធនាការរួមគ្នានេះបានធ្វើដំណើរដល់ភាគនិរតីនៃប្រទេសកម្ពុជា ដែលខេត្តពោធិ៍សាត់ជាគោលដៅទីមួយនៃដំណាក់កាលទី២។ អន្ទាក់គឺជាឃាតករលាក់មុខនិងសម្លាប់សត្វព្រៃដោយមិនរើសមុខដែលជាការគំរាមកំហែងដល់ការរស់រានរបស់សត្វនិងមនុស្ស។ ដូចនេះ ដើម្បីឲ្យសាធារជនបានយល់ដឹងអំពីវិបត្តិអន្ទាក់នេះ ហើយងាកមកចូលរួមការពារធនធានសត្វព្រៃកម្ពុជា យើងនឹងបន្តសហការរួមគ្នាឲ្យកាន់តែខ្លាំងបន្ថែមទៀតជាមួយក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់ ក្នុងគោលដៅស្តារធនធានធម្មជាតិឡើងវិញ»។
អង្គការដៃគូអភិរក្សជាច្រើនបានលើកឡើងអំពីសារៈសំខាន់នៃការការពារព្រៃឈើ និងសត្វព្រៃរបស់កម្ពុជា។ លោក ទុយ សេរីវឌ្ឍនា ប្រធានកម្មវិធីនៃអង្គការ សម្ព័ន្ធ សត្វព្រៃ និង ធម្មជាតិ (Wild Earth Allies-WEA) នៅកម្ពុជាមានប្រសាសន៍ថា៖ «ការបញ្ឈប់ការដាក់អន្ទាក់នឹងនាំមកនូវផលប្រយោជន៍រយៈពេលវែងដល់សត្វព្រៃ ជម្រកសត្វព្រៃ និងប្រជាពលរដ្ឋកម្ពុជា។ យើងអាចចូលរួមទាំងអស់គ្នាដើម្បីការពារជីវចម្រុះរបស់យើងនៅក្នុងប្រទេសកម្ពុជា និងជួយលើកកម្ពស់ជីវភាពសហគមន៍ និងសុខភាពសាធារណៈតាមរយៈការផ្សព្វផ្សាយអំពីការផ្លាស់ប្តូរបែបវិជ្ជមាន»។
កញ្ញា Christel Griffioen នាយកប្រចាំប្រទេសនៃអង្គការ ACCB បានយល់ឃើញថា៖ «អន្ទាក់គឺសម្លាប់មិនរើសមុខឡើយ និងបង្ករបួសយ៉ាងធ្ងន់ធ្ងរដល់សត្វជាច្រើនប្រភេទក្នុងតំបន់ការពារធម្មជាតិ។ ការបរិភោគសាច់សត្វព្រៃអាចមានផលប៉ះពាល់ដល់សុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ ហើយដរាបណាមនុស្សយើងនៅតែបន្តបរិភោគសាច់សត្វព្រៃនោះការដាក់អន្ទាក់នឹងនៅតែបន្ត។ យើងត្រូវតែចូលរួមទាំងអស់គ្នាដើម្បីធ្វើការផ្លាស់ប្តូរ៖ ចូលរួមជាមួយយើងនៅក្នុងការ បញ្ឈប់ការដាក់អន្ទាក់ បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ និងការពារសម្បត្តិបេតិកភណ្ឌធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា»។
លោក គង់ មុនីច័ន្ទ នាយកប្រចាំប្រទេសកម្មវិធី MJP Foundation បញ្ជាក់ថា៖ «ការសិក្សាថ្មីៗបានបញ្ជាក់ថា ប្រទេសកម្ពុជានៅតែជាទីជម្រកដល់សត្វព្រៃជាច្រើនប្រភេទរួមទាំងសត្វដែលត្រូវបានកំណត់ថាផុតពូជ ឬជិតផុតពូជ។ ការបញ្ឈប់ទាំងស្រុងចំពោះការបរបាញ់សត្វព្រៃ និងការបរិភោគសាច់សត្វព្រៃគឺជារឿងសំខាន់ និងបន្ទាន់បំផុតសម្រាប់កម្ពុជា។ យុទ្ធនាការអន្ទាក់សូន្យគឺជាឱកាសដ៏ល្អមួយដោយសារយុទ្ធនាការនេះត្រូវបានរៀបចំឡើងចំពេលវេលាល្អ និងក្នុងគោលបំណងដ៏អស្ចារ្យដើម្បីជួយសង្គ្រោះសត្វព្រៃ។ យើងទាំងអស់គ្នា គួរចូលរួមជាមួយ គ្នា ថែរក្សា សត្វព្រៃ ដែល នៅ សេសសល់ នៅប្រទេសកម្ពុជា»។
លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការ FFI ក៏បានលើកឡើងផងដែរថា៖ «អន្ទាក់គឺជាបញ្ហាប្រឈមដ៏ធំចំពោះសត្វព្រៃនៅក្នុងប្រទេសកម្ពុជា និងលើសពីនេះបន្ថែមទៀត។ លើសពីការបំផ្លិចបំផ្លាញយ៉ាងខ្លាំង និងសម្លាប់គ្មានរើសមុខ ការដាក់អន្ទាក់នាំឱ្យចំនួនសត្វព្រៃធ្លាក់ចុះជាលំដាប់ ដែលនាំឱ្យបាត់បង់លំនឹងនៃប្រព័ន្ធអេកូឡូស៊ី។
ការកំចាត់អន្ទាក់គឺជារឿងសំខាន់ និងបន្ទាន់ជាទីបំផុត។ អ្វីដែលរឹត តែ សំខាន់ ជាង នេះ ទៅ ទៀត គឺ ដំបូងយើងត្រូវតែលុបបំបាត់នូវការលើកទឹកចិត្តចំពោះការដាក់អន្ទាក់ ដែលទាមទារឱ្យមានការពង្រឹងការអនុវត្តច្បាប់ ការកាត់បន្ថយតម្រូវការសាច់សត្វព្រៃ និងផលិតផលសត្វព្រៃ និងការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ មិនមែនត្រឹមតែជាប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាននោះទេ។ សត្វព្រៃនៅកម្ពុជាកំពុងប្រឈមនឹងការបាត់បង់ ហើយយើងត្រូវតែធ្វើសកម្មភាពជាមួយគ្នាឥឡូវនេះដើម្បីបញ្ឈប់»៕