សម្តេច ហេង សំរិន បំពាក់គ្រឿងឥស្សរិយយសជូនសមាជិកសមាជិការដ្ឋសភា នីតិកាលទី៦

ភ្នំពេញ:សម្តេចហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនដល់សមាជិកសមាជិការដ្ឋសភា នីតិកាលទី៦ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា។

បើតាមរដ្ឋសភា ការផ្តល់គ្រឿងឥស្សរិយយសជូនសមាជិកសមាជិការដ្ឋសភានាពេលនេះ ដើម្បីឆ្លើយតបនឹងគុណបំណាច់ដ៏ឧត្តុង្គឧត្តម ដែលបានបំពេញការងារជូនជាតិ និងប្រជាជន និងស្របតាមច្បាប់ដែលបានកំណត់។

គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ជូនថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភានាពេលនេះមាន គ្រឿងឥស្សរិយយស ជាតូបការ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយសសម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា គ្រឿងឥស្សរិយយសសម្តេចពញរះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរ័ត្ន ថ្នាក់មហាសេនា គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា គ្រឿងឥស្សរិយយយព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា។

រដ្ឋសភានីតិកាលទី៦ បានបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។ រដ្ឋសភានីតិកាលទី៦ បានបំពេញតួនាទី ក្នុងការបម្រើប្រជាពលរដ្ឋស្របតាមច្បាប់ ដែលមានភារកិច្ចសំខាន់ៗដូចជា ការងារនីតិកម្ម (ធ្វើច្បាប់) ការងារបោះឆ្នោតទុកចិត្ត និងការបោះឆ្នោតជ្រើសតំាង ភាពជាតំណាងប្រជាពលរដ្ឋ និងការឃ្លាំមើលការអនុវត្តច្បាប់។

រដ្ឋសភានីតិកាលទី៦ បានអនុម័តច្បាប់សំខាន់ៗបានចំនួន១០៩ គិតត្រឹមខែមីនា ឆ្នាំ២០២៣។ ក្រៅពីការតាក់តែងច្បាប់ ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភាបានខិតខំយកអស់កម្លាំងកាយចិត្ត ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមណ្ឌលដែលខ្លួនទទួលខុសត្រូវយ៉ាងសស្រាក់សស្រាំ និងបាននាំមកនូវសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋរួមគ្នាដោះស្រាយទៅតាមនីតិវិធីបានយ៉ាងល្អប្រសើរ។ នៅក្នុងនោះនីតិកាលទី៦ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បានពង្រឹងវិស័យការទូតសភា គួរឱ្យកត់សម្គាល់ផងដែរ៕