ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានស្នើភាគីឆេក ធ្វើការបញ្ជូនគ្រូមកកម្ពុជាទាំងផ្នែកបច្ចេកទេស និងភាសាអង់គ្លេស ព្រោះគ្រូម្នាក់អាចជួយបណ្តុះបណ្តាលធនធានមនុស្សបានច្រើននាក់ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
ការស្នើរបស់ លោក ឌិត ទីណាខាងលើនេះ ធ្វើឡើងក្នុងពេលទទួលជួប លោក Martin V´avra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ដើម្បីពិភាក្សាពីការផ្ទេរបច្ចេកវិទ្យាគ្រឿងម៉ាស៊ីនសម្រាប់វិស័យកសិកម្ម គ្រឿងម៉ាស៊ីនមានគុណភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មឱ្យមានគុណភាពរួមទាំងគ្រូបណ្តុះបណ្តាល និងវិស្វករ។
កលើសពីនេះទៀត លោករដ្ឋមន្ត្រី បានស្នើឱ្យមានការជួបពិភាក្សាជាមួយដៃគូអភិវឌ្ឍ ដើម្បីចែករំលែកអំពីសក្តានុពលនៃវិស័យកសិកម្មនៅកម្ពុជា។ ក្រសួងកសិកម្មស្វាគមន៍ដៃគូអភិវឌ្ឍនានានៅខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។
គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សានិងកិច្ចសហប្រតិបត្តិការជួយកម្ពុជាលើវារីវប្បកម្មទឹកសាបនិងសមុទ្រ(Carpfish) កសិកម្មពិសេសដំណាំកៅស៊ូ និងអាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម(ចំការដូង)កម្រិតអនុបណ្ឌិត និងបណ្ឌិតនៅប្រទេសឆេក៕