កំពត៖ ខេត្តកំពត ត្រូវបានប្រកាសជាផ្លូវការ ជាខេត្តអស់មីនទី១២ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ខណៈកម្ពុជានៅសល់ផ្ទៃដីមានមីនចំនួន ៥៦៣ គីឡូម៉ែត្រក្រឡា ត្រូវបោសសម្អាតអោយអស់ឆ្នាំ២០២៥។
ពិធីប្រកាសខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ក្រោមវត្តមាន លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលគាំទ្រពី គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។
លោក លី ធុជ អនុប្រធានទី ១ នៃអាជ្ញាធរមីន ថ្លែងថា ការងារបោសសម្អាតមីននៅខេត្តកំពត បានចាប់ផ្តើមពីឆ្នាំ ១៩៩៤ ដោយប្រតិបត្តិករចំនួន ៣ រួមមាន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មជ្ឈមណ្ឌលជាតិ NPMEC និងអង្គការ HALO Trust បោសសម្អាតក្នុងទំហំផ្ទៃដីសរុបចំនួន ២៥ ៦៦៦ ១៤១ ម៉ែត្រក្រឡា ស្មើនឹង ២៥២ ចម្ការមីន/គ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៤៥៥៣ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១១ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ២៨៨៧២ គ្រាប់ ដោយមានអ្នកទទួលផលសរុបចំនួន ២២១៤៤៣ នាក់ ។ សមិទ្ធិផលនេះ បានកើតចេញពីគុណតម្លៃនៃសន្តិភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។
លោកថ្លែងថា៖«ខ្ញុំពិតជាសូមសំដែងនូវអំណរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់ គណៈអភិបាលខេត្តកំពត ជាពិសេសគណៈកម្មាធិការសកម្មភាពមីនខេត្ត(ភីម៉ាក់) និងក្រុមការងាររៀបចំផែនការសកម្មភាពមីន(ម៉ាពូ) សម្រាប់សមិទ្ធផលដ៏ត្រចះត្រចង់នេះ។
លោកបន្តថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ២.៥៧៩ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ក្នុងនោះផ្ទៃដីប្រមាណ ៧៦ % ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពកសិកម្ម ដើម្បីចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍនៅកម្ពុជា។
បើតាម លោក លី ធុជ ជាមួយនឹងកិច្ចខិតប្រឹងប្រែងនេះ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីននិងគ្រាប់ចំនួន ១.៨៨៥ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៦៣ គីឡូម៉ែត្រក្រឡា ដែលកម្ពុជាមានមហិច្ឆតាបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥ និងផ្ទៃដីមានគ្រាប់បែកចង្កោម ៧២៩ គីឡូម៉ែត្រក្រឡា និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ៥៩៣ គីឡូម៉ែត្រក្រឡា នឹងត្រូវបន្តដោះស្រាយក្រោយឆ្នាំ២០២៥។
លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ ថ្លែងឱ្យដឹងដែរថា ខេត្តកំពតមានចម្ការមីនសរុបចំនួន២៤១ មានផ្ទៃដីសរុបចំនួន២១.០៥៥.៦៤៧ម៉ែត្រក្រឡា អង្គភាពCMACបានធ្វើការបោសសម្អាតចម្ការមីនទាំងនោះ ចាប់ពីឆ្នាំ១៩៩៤-២០២២ ក្នុងនោះរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួនសរុប២៣.៧៦៧គ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន៤.៣០៨គ្រាប់ គ្រាប់បែកទម្លាក់ពី យន្ដហោះ និងគ្រាប់បែកចង្កោមចំនួន៥១គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១៩.៤០៨គ្រាប់។
លោកបន្តថា ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ ”ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”ជាដំណាក់កាលចុងក្រោយនេះ អង្គភាពស៊ីម៉ាក់បានចាប់ផ្ដើមពង្រាយកម្លាំងប្រតិបត្តិការបោសសម្អាតមីនក្នុងខេត្តកំពតកាលពីខែសីហា ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅខែវិច្ឆិកាឆ្នាំ២០២២កន្លងទៅនេះ។
លោកបន្ថែមថា ជាលទ្ធផល អង្គភាពស៊ីម៉ាក់បានបោសសម្អាតគ្រាប់មីននៅតំបន់រងផលប៉ះពាល់ដោយសារគ្រាប់មីនប្រឆាំងមនុស្ស ដែលនៅសល់និងមានកំណត់ត្រាក្នុងប្រព័ន្ធទិន្នន័យជាតិក្នុងខេត្តកំពតចំនួន១០១ចម្ការមីន មានផ្ទៃដីសរុបចំនួន១១.៤៩០.៥៨២ម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន៦១៩គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន៨១៤គ្រាប់។ លទ្ធផលនៃកិច្ចប្រតិបត្តិការនេះបានសម្រេចរំដោះខេត្តកំពតពីការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស១០០% ដូចនេះខេត្តកំពតជាខេត្តគ្មានតំបន់មានកំណត់ត្រាក្នុងទិន្នន័យជាតិថាមានបញ្ហាគ្រាប់មីនប្រឆាំងមនុស្សទៀតឡើយ និងក្លាយជា “ខេត្តគ្មានគ្រាប់មីន”។
លោកបញ្ជាក់ទៀតថា ទោះបីជាខេត្តកំពតត្រូវបានរំដោះជាខេត្តគ្មានគ្រាប់មីន ក៏ប៉ុន្ដែខេត្តកំពតនៅមានផ្ទៃដីដែលរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម តំបន់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដូចជាទីតាំងគ្រាប់ទម្លាក់ដោយយន្តហោះB-52 មានចំនួន១៤៧ទីតាំង មានផ្ទៃដីរងផលប៉ះពាល់សរុបចំនួន២៣.៩៤០ហិកតា និងទីតាំងគ្រាប់ទម្លាក់ពីយន្ដហោះផ្សេងៗទៀតមានចំនួន១.០៤០ទីតាំង មានផ្ទៃដីរងផលប៉ះពាល់សរុបចំនួន១៨.៩៨៦ហិកតាទៀតមិនទាន់បានបោសសម្អាតនៅឡើយ។ ដូចនេះ នៅខេត្តកំពតនឹងបន្ដឃើញវត្តមានកម្លាំងអង្គភាពស៊ីម៉ាក់បន្ដការងារបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ពីយន្ដហោះផងដែរ៕