ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើងក្នុងអត្រា 5,5% ក្នុងឆ្នាំ 2023 និង 6,០% នៅឆ្នាំ 2024 ជំរុញដោយការងើបឡើងវិញ ដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។យោងតាមរបាយការណ៍ចេញផ្សាយកាលចេញផ្សាយកាលពីថ្ងៃទី 4 ខែមេសាឆ្នាំ 2023។
នាយិកាប្រចាំប្រទេសកម្ពុជា របស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា «ទោះបីជាតម្រូវការពិភពលោកចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អនៅឆ្នាំ ២០២២ ជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ដែលកំពុងបន្ត។ ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាមានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ឱនភាពគណនីចរន្តដែលរួមតូច និងកម្រិតអតិផរណាមធ្យមនៅឆ្នាំ២០២៣។»
ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ហៅកាត់ថា ADO) ខែមេសា 2023 បានឱ្យដឹងថា វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងកើនឡើង 7.3% ក្នុងឆ្នាំ 2023 មុនពេលថយបន្តិចមកត្រឹម 6.8% នៅឆ្នាំ 2024។ សម្ពាធអតិផរណាត្រូវបានរំពឹងថា នឹងធ្លាក់ចុះមកអត្រាជាមធ្យម 3.0% ក្នុងឆ្នាំ 2023 និង 4.0% នៅឆ្នាំ 2024។
របាយការណ៍នេះរំលេចថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក៏ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់របស់ប្រទេស ក្នុងការបង្កើនការវិនិយោគបៃតង ដើម្បីទទួលបានសក្ដានុពលកំណើនរយៈពេលវែង។
របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីនេះលើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើងប្រមាណ 5.2% ក្នុងឆ្នាំ 2022 ជាពិសេសដោយសារកំណើនតម្រូវការខាងក្រៅលើផលិតផល និងសេវាកម្មទេសចរណ៍របស់កម្ពុជា ដែលជំរុញឡើងវិញនូវតម្រូវការអាហារ និងកន្លែងស្នាក់នៅ និងកំណើនអនុវវិស័យពាណិជ្ជកម្ម ការដឹកជញ្ជូន និងទំនាក់ទំនង ក្នុងស្រុក។ ជាមួយនឹងភាពប្រសើរឡើងនៃទំនុកចិត្តក្នុងការធ្វើដំណើរ និងការលុបចោលការរឹតបន្តឹងការធ្វើដំណើរ ការមកដល់នៃភ្ញៀវអន្តរជាតិបានស្ទុះងើបឡើងវិញ យ៉ាងខ្លាំងដល់ប្រហែល ២.៣ លាននាក់ក្នុងឆ្នាំ 2022 ពីមូលដ្ឋានទាបប្រហែល 200 000 កាលពីឆ្នាំ 2021។ កំណើននៃវិស័យកសិកម្មបានធ្លាក់ចុះនៅឆ្នាំ 2022 ដោយសារតែតម្លៃប្រេងឥន្ធនៈ និង វត្ថុធាតុដើមសម្រាប់វិស័យកសិកម្មផ្សេងទៀត។
កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរត្រូវបានព្យាករថា នឹងធ្លាក់ចុះ ដោយសារតែតម្រូវការខាងក្រៅខ្សោយ នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលជាទិសដៅនាំចេញដ៏សំខាន់។ ទោះជាយ៉ាងណាក៏ដោយ វិស័យឧស្សាហកម្មនៅតែបន្តទទួលបានអត្ថប្រយោជន៍ពីកំណែទម្រង់ គោលនយោបាយរួមទាំងច្បាប់វិនិយោគឆ្នាំ 2021 ដែលបានបង្កើតសេវាកម្មច្រកចេញចូលតែមួយ សម្រាប់អ្នកវិនិយោគ និងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ។
ផលិតផលឧស្សាហកម្មត្រូវបានរំពឹងថា នឹងកើនឡើង 5.8% ក្នុងឆ្នាំ 2023 មុននឹងហក់ដល់ 7.8% នៅឆ្នាំ 2024។ កំណើនវិស័យសំណង់ត្រូវបានរំពឹងថានឹងនៅតែយឺត។ វិស័យកសិកម្មត្រូវបាន ព្យាករថានឹងកើនឡើង 1.1% នៅឆ្នាំនេះ និង 1.2% ក្នុងឆ្នាំ 2024 ដែលជំរុញដោយទិន្នផលដំណាំ សម្រាប់ការនាំចេញ។
ជុំវិញកំណើនក្នុងវិស័យសំណង់នៅកម្ពុជា ដែលត្រូវបានរំពឹងថានឹងមានយឺត អ្នកជំនាញក្នុងវិស័យនេះ បានលើកឡើងថា វិស័យសំណង់នៅតែកម្ពុជានៅតែមានដំណើរការធម្មតា ដោយសារមានការគាំទ្រពីសំណាក់អ្នកក្នុងស្រុក ប៉ុន្តែចំនួនវិនិយោគិនបរទេសមិនទាន់វិលត្រឡប់ដូចកាលពីឆ្នាំ 2018 និង 2019 នោះទេ។
លោកស្រី Jyotsana Varma បានបន្ថែមថា «ហានិភ័យដែលអាចធ្វើឱ្យប្រែប្រួលទស្សនវិស័យនេះ រួមមានកំណើនខ្សោយនៅសហរដ្ឋអាមេរិក និងអឺរ៉ុប កម្រិតខ្ពស់នៃបំណុលឯកជន កំណើនតិចជាងការរំពឹងទុកនៃការមកដល់នៃភ្ញៀវទេសចរ និងការវិនិយោគផ្ទាល់ពីបរទេសពីសាធារណៈរដ្ឋប្រជាមានិតចិន តម្លៃថាមពលខ្ពស់ និងព្រឹត្តិការណ៍អាកាសធាតុអាក្រក់ ដែលប៉ះពាល់ដល់ផលិតភាពកសិកម្ម»។
ADB កំពុងអនុវត្តគម្រោងវិនិយោគចំនួន 2.4 ពាន់លានដុល្លារ ក្នុងប្រទេសកម្ពុជា ជាមួយប្រាក់ កម្ចីប្រចាំឆ្នាំជាមធ្យមជាង 350 លានដុល្លារ ចាប់ពីឆ្នាំ 2016 ដល់ 2022៕