ភ្នំពេញ៖ គណៈប្រតិភូនៃសមាគមសម្ពន្ធសហគ្រាសធុនតូច និងមធ្យមសកល (Global Alliance of SMEs) ដែលជាសមាគមវិនិយោគអន្តរជាតិមកពីប្រទេសចិន កំពុងបំពេញទស្សនកិច្ចស្វែងយល់ និងសម្លឹងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ក្នុងនោះក៏បានចាប់អារម្មណ៍លើការវិនិយោគវិស័យទេសចរណ៍ផងដែរ។
ក្នុងពេលចូលជួបពិភាក្សាជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ លោក ឆាវ ហ្វាង (Cao Fang) អគ្គលេខាធិការសមាគម Global Alliance of SMEs ឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់ប្រតិភូសមាគម Global Alliance of SMEs នៅកម្ពុជានេះ គឺដើម្បីសម្លឹងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ក្នុងនោះសមាគមរបស់លោកក៏បានចាប់អារម្មណ៍លើការ វិនិយោគវិស័យ ទេសចរណ៍ផងដែរ ដូច្នេះហើយទើបស្នើសុំចូលជួបពិភាក្សាជាមួយភាគីក្រសួងទេសចរណ៍។
លោកបន្តថា សមាគមលោកមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាលក្ខណៈអន្តរជាតិ។ សមាគម នេះត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយសហគ្រិនឆ្នើមដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍទូទៅប្រទេសផ្សេងៗ។ បច្ចុប្បន្ននេះការិយាល័យទំនាក់ទំនងនៃសមាគម Global Alliance of SMEs ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន កម្ពុជា ថៃ សិង្ហបុរី ម៉ាឡេស៉ី វៀតណាម ឥណ្ឌូណេស៉ី ឡាវ ហ្វីលីពីន ស្រីលង្កា កូរ៉េខាងត្បូង ជប៉ុន ទីក្រុងហុងកុង ទីក្រុងម៉ាកាវ ក្រិក អារ៉ាប់រួម អាហ្វ្រិកខាងត្បូង តួកគី បារាំង អ៉ីតាលី អាល្លឺម៉ង់ សហរដ្ឋអាមេរិក នូវែលសេឡង់ អូស្ត្រាលី រុស្ស៉ី និងតំបន់ផ្សេងទៀត។
លោកបន្ថែម ថា សមាគម Global Alliance of SMEs មានគោលបំណងផ្ដោតលើការតភ្ជាប់ទំនាក់ទំនង និងការប្រឹក្សាយោបល់រួមគ្នារវាងចិននិងកម្ពុជា និងរួមគ្នាចែករំលែកយុទ្ធសាស្ត្រឈ្នះ-ឈ្នះទាំងអស់គ្នា ដើម្បីបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសហគ្រិនមកពីជុំវិញពិភពលោក សំដៅចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។
លោកបញ្ជាក់ថា កិច្ចការទាំងអស់របស់សមាគម Global Alliance of SMEs គឺប្រព្រឹត្តទៅក្រោមគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលមានលោកប្រធានាធិបតី ស៉ី ជិនពីង ជាប្រមុខ។
នាឱកាសនោះ លោក រដ្ឋមន្ត្រី ថោង ខុន ថ្លែងឱ្យដឹងដែរថា កម្ពុជានៅតែមានចំណុចសំខាន់ៗក្នុងការវិនិយោគ ក្នុងនោះកម្ពុជាមានសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោកថា «សន្តិភាពជានិរន្តរ៍ គឺ ជាកត្តាគន្លឹះ ដែលផ្ដល់នូវការជឿទុកចិត្តដល់វិនិយោគិន»។
លោកបន្តថា ក្រៅពីនេះកម្ពុជានិងចិនជាមិត្តដ៏ល្អ ជាមិត្តដែកថែប ហើយកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិនគឺជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក្រោមយុទ្ធសាស្ត្រឈ្នះ-ឈ្នះ។ ទំនាក់ទំនងរវាងប្រជាជនកម្ពុជា-ចិន គឺល្អូកល្អឺននឹងគ្នាតាំងពីបុរាណមក សហគមន៍ចិននិងសហគមន៍ខ្មែររស់នៅមិនដែលមានជម្លោះជាមួយគ្នានោះឡើយ ស្រឡាញ់គ្នាដូចបងប្អូន ហើយជនជាតិខ្មែរក៏មានចិត្តស្រឡាញ់មិត្តភក្តិចេញពីបេះដូង។
លោក ថោង ខុន បញ្ជាក់ទៀតថា «គោលនយោបាយវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមានភាពរស់រវើក និងលើកទឹកចិត្តខ្ពស់ចំពោះអ្នកវិនិយោគមកពីក្រៅប្រទេស»។ចំពោះប្រជាជនកម្ពុជាក៏បានត្រៀមស្វាគមន៍ទេសចរចិនរួចរាល់អស់ហើយ។ ក្រសួងទេសចរណ៍ក៏បានរៀបចំសៀវភៅស China Ready តាំងពីឆ្នាំ២០១៥មកម្ល៉េះ ប៉ុន្តែកម្ពុជាក៏ត្រូវការពង្រីកការវិនិយោគបង្កើន ហេដ្ឋារចនាសម្ពន្ធនិងផលិតផលទេសចរណ៍ថ្មី ការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍ចិន ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរចិនបន្ថែមទៀត។
ជាមួយគ្នានេះ លោក រដ្ឋមន្ត្រីក៏បានបង្ហាញផែនការមេអភិវឌ្ឍន៍តំបន់សៀមរាបអង្គរ ខេត្តមណ្ឌលគិរី និងឱកាសវិនិយោគនៅខេត្តព្រះសីហនុ និងតំបន់អេកូទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ សហគមន៍ និងទេសចរណ៍ជនបទផងដែរ។
របាយការណ៍របស់ក្រសួងទេសចរណ៍ បង្ហាញថា រយៈពេល៣ខែដើមឆ្នាំនៃឆ្នាំ២០២៣ (មករា-មីនា) កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១.២លាន ហើយក្នុងកំណើនជាង៧១៨ % ក្នុងនោះទេសចរចិនប្រមាណ១២ម៉ឺននាក់៕