បុរស ២នាក់រងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើដោយរថយន្តរយ៉ែថយក្រោយបុកឡំប្រឺតា និងរបាំងថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលុចស៊ីស LX570 រយ៉ែថយក្រោយយ៉ាងលឿនជ្រុលទៅបុកឡំប្រឺតា និងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យកល់ជាប់លើទ្រូងផ្លូវស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បណ្តាល ឱ្យបុរសពីរនាក់រងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី០៣ មេសា ២០២៣ ។

ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បានបើក រថយន្តបង្កម៉ាក លុចស៊ីស LX570 ពណ៌ស្ក ពាក់ផ្លាក លេខ ភ្នំពេញ 2AT-8288 ដោយរយ៉ែចេញពីធនាគារ ស្ថាបនា យ៉ាងលឿនមកបុកឡំប្រឺតា មួយគ្រឿងដែលបើកបរដោយបុរសម្នាក់កំពុងដឹងភ្ញៀវ ជាបុរសម្នាក់ទៀត កំពុងធ្វើដំណេីរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងមកជេីងក្នុងល្បឿនល្មម ចំពីចំហៀងពេញទំហឹង បណ្ដាលឱ្យខ្ទាតមកបុករបាំងថ្មពុះចែកទ្រូងផ្លូវបន្ថែមបានអស់៥កង់ កល់ជាប់ទាំងរថយន្តបង្កនិងឡំប្រឺតា រងការខូចខាតយ៉ាងដំណំ ។

ប្រជាពលរដ្ឋរូបនោះបន្ថែមថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានបុរសពីរនាក់ ម្នាក់ជាម្ចាស់ឡំប្រឺតា និងម្នាក់ជាភ្ញៀវ ធ្វើដំណើរបានរងរបួសខ្លួនប្រាណគួរសម និងបានទៅមន្ទីរពេទ្យដើម្បីពិនិត្យរបួសផងដែរ ។

បន្ទាប់ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយមន្ត្រីជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្តបង្ក និងឡំប្រឺតា ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមច្បាប់នាពេលក្រោយ ៕