ស.ស.យ.ក ប្រកាស បិទបញ្ចប់ការប្រមូលបេះដូង សម្រាប់កម្មវិធី “បេះដូងច្រើនជាងគេលើពិភពលោក»

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានប្រកាស បិទបញ្ចប់ការបមូលបេះដូង សម្រាប់កម្មវិធី “បេះដូងច្រើនជាងគេលើពិភពលោក» បន្ទាប់ពី ទទួលបានការគាំទ្រនិងចូលរួមបត់បេះដូងពី សំណាក់ សាធារណជនគ្រប់កោសិកានៃសង្គមទូទាំងប្រទេសយុទ្ធនាការ BeyondTheGames ទទួលបានបេះដូង ជា ច្រើន។

តាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី ២ ខែមេសា បញ្ជាក់ថា យុទ្ធនាការ #BeyondTheGames មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងដៃគូ សហការដែលបានចូលរួមបត់បេះដូង បន្ទាប់ពីទទួលបានការគាំទ្រ និងចូលរួមបត់បេះដូងពីសំណាក់ សាធារណជនគ្រប់កោសិកានៃសង្គមទូទាំងប្រទេស យុទ្ធនាការ #BeyondTheGames ទទួលបានបេះដូង ជាច្រើន ដែលនៅពេលនេះក្រុមការងារកំពុងតែសម្របសម្រួល និងរៀបចំតាមបច្ចេកទេស ដើម្បីត្រៀមធ្វើការ ដាក់តាំងបេះដូងទាំងនោះ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មាននេះបន្តថា យុទ្ធនាការ #BeyondTheGamesបានបញ្ចប់ការប្រមូលបេះដូងដែលបងប្អូនបានបត់រួចត្រឹមថ្ងៃនេះ (ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣)។ សម្រាប់ បងប្អូនដែលមានបំណងចង់ប្រគល់បេះដូងមកក្រុមការងារត្រឹមថ្ងៃនេះ សូមអញ្ជើញធ្វើដំណើរមកកាន់អគារ The Kampus ដើម្បីធ្វើការប្រគល់បេះដូង។
យុទ្ធនាការ #BeyondTheGamesបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមរបស់បងប្អូនសាធារណជនដែលបានចូលរួមបត់បេះដូងទាំងអស់ ព្រមទាំងដៃគូសហការ ទាំងអស់ចំពោះការចូលរួមគាំទ្រដល់កម្មវិធី “បេះដូងច្រើនជាងគេលើពិភពលោក»។ ការចូលរួមមួយនេះ ពិត ជាមានអត្ថន័យ និងមិនអាចកាត់ថ្លៃបាន ដែលការចូលរួមនេះបានបង្ហាញឱ្យឃើញពីសាមគ្គីភាពរបស់ ប្រជាពលរដ្ឋកម្ពុជា ជាពិសេសការចូលរួមនេះបានបង្ហាញឱ្យឃើញពី “ភាសាបេះដូង» របស់កម្ពុជាក្នុងការ គាំទ្រដល់អត្តពលិកគ្រប់រូប ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ថ្លែងថា ការចូលរួមបត់បេះដូងនេះមើលទៅ ហាក់ជារឿងសាមញ្ញ ធម្មតា តែអត្ថន័យដែលចេញពីការចូលរួមគ្រប់កោសិកានៃសង្គមដើម្បីបុព្វហេតុ គាំទ្រដល់អត្តពលិកកម្ពុជា ជាពិសេសអ្នកដែលមានពិការភាព គឺជាតម្លៃនៃការចូលរួម ដែលមិនអាចកាត់ថ្លៃបាន។

លោកបន្តថា លោក បានចូលរួមផង តាមដានផងជាប្រចាំផង និងទទួលបានព័ត៌មានជាច្រើនជាបន្តបន្ទាប់ ដែលខ្ញុំមិននឹកស្មានដល់សោះថា កម្មវិធី «បេះដូងច្រើនជាងគេលើពិភពលោក» នេះមានការគាំទ្រ និងចូលរួមយ៉ាងផុលផុស គគ្រឹកគគ្រេងដែលលើសពីការរំពឹងទុក ហួសពីការស្មាន។

លោក ពិតជាមានក្តីរំភើបពោរពេញទៅដោយមោទកភាពក្នុងនាមជាខ្មែរមួយរូប ដែលបានឃើញការរួមរួមគ្នា សហការគ្នា ដើម្បីចែករំលែកទឹកចិត្ត ក្តីស្រឡាញ់ ស្មារតីគាំទ្រ ជូនអត្តពលិកកម្ពុជារបស់យើង ក៏ដូចជាឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់លោកតា លោកយាយ អ៊ំ ពូ មា មីង បងប្អូន ក្មួយប្រុសស្រី សាធារណជនទាំងអស់ដែលបានចូលរួមក្នុងកម្មវិធី «បេះដូងច្រើនជាងគេលើពិភពលោក»។

លោកថ្លែងថា៖«ថ្ងៃនេះដ្បិតថាជាថ្ងៃបញ្ចប់ការប្រមូល តែបេះដូងទាំងអស់នេះនឹងត្រូវបានរៀបចំតុបតែង ដើម្បីដាក់តាំងបង្ហាញក្នុងគោលបំណងមួយបន្ថែមទៀតគឺ ការបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក»។ ទោះបីជាយ៉ាងនេះក្តី ស្មារតីនៃការរួមគ្នាជាមហាគ្រួសារខ្មែរ ភាសាបេះដូងរបស់កម្ពុជា ក្នុងចង្វាក់បេះដូងតែមួយមានតម្លៃលើសអ្វីៗទាំងអស់។ នេះហើយជាភាសាបេះដូងរបស់កម្ពុជា និងប្រជាជនកម្ពុជា ដើម្បីកម្ពុជា ជាពិសេសក្នុងពេលនេះសម្រាប់អត្តពលិកកម្ពុជាដែលមានពិការភាព»។

សូមបញ្ជាក់ផងដែរថាបេះដូងចំនួនមួយដែលបានបត់មានតម្លៃស្មើ ៥០០រៀល។ ថវិកាសរុបដែលទទួលបាន គឺជាថវិកាបរិច្ចាគដោយដៃគូសប្បុរសចំនួន៥ ស្ថាប័ន ជូនដល់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជាពិសេសក្នុងដំណើរការនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕