“សេចក្តីព្រាងស្ដីពីលទ្ធកម្មសាធារណៈ” ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ នេះ បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងស្ដីពីលទ្ធកម្មសាធារណៈ” ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងថា លទ្ធកម្មសាធារណៈដំបូងនៅកម្ពុជាត្រូវបានបង្កើតឡើងដោយផ្អែកតាមមាត្រា ៥០ នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុឆ្នាំ១៩៩៣ ដែលចែងថា “ចំណាយក្នុងការសាងសង់ ឬទិញសម្ភារៈផ្សេងៗក្នុងថវិកាទូទៅរបស់រដ្ឋ និងក្នុងគណនីពិសេសរតនាគារជាតិ ត្រូវស្ថិតក្រោមនីតិវិធីនៃការដេញថ្លៃជាសាធារណៈ។ ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ព្រមទាំងនៅជាធរមានរហូតមកដល់បច្ចុប្បន្ន។

លោកបន្តថា ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២នេះ បានកំណត់ឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើរតួនាទីជាស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រងលទ្ធកម្មសាធារណៈ និងមានសិទ្ធិអំណាចរៀបចំគោលនយោបាយលទ្ធកម្មសាធារណៈ ព្រមទាំងអនុវត្តសិទ្ធិអំណាចដែលមានក្នុងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ។ ទោះបីជាយ៉ាងនេះក្ដី ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈរាជរដ្ឋាភិបាលមានតម្រូវការចាំបាច់ក្នុងការបន្តពង្រឹងយន្តការ គណនេយ្យភាព តាមរយៈក្របខ័ណ្ឌនិយ័តកម្មដែលក្នុងនោះត្រូវប្រែក្លាយតួនាទីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជានិយ័តករ និងជាអ្នកធ្វើសវនកម្មកិច្ចលទ្ធកម្ម ចំណែកឯស្ថាប័នអនុវត្តលទ្ធកម្មត្រូវទទួលខុសត្រូវ និងមានគណនេយ្យភាពចំពោះការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។

បើតាម លោក ផៃ ស៊ីផាន គោលបំណងនៃ សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ ធ្វើឡើងក្នុងគោលបំណងដើម្បីធានាបាននូវភាពជឿទុកចិត្ត តម្លាភាព ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដោយប្រែក្លាយតួនាទីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅជានិយ័តករ និងជាអ្នកធ្វើសវនកម្មកិច្ចលទ្ធកម្ម ចំណែកក្រសួង ស្ថាប័ន នឹងត្រូវបានផ្ដល់សិទ្ធិអំណាច និងការទទួលខុសត្រូវ ជាមួយនឹងគណនេយ្យភាពពេញលេញក្នុងការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។

សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈបានកំណត់គោលការណ៍សំខាន់ៗអំពីមុខងារ និងការទទួលខុសត្រូវឱ្យដាច់ពីគ្នារវាងស្ថាប័នគ្រប់គ្រងលទ្ធកម្ម និងស្ថាប័នអនុវត្តលទ្ធកម្ម ការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវលើកិច្ចលទ្ធកម្មជូនស្ថាប័នអនុវត្តលទ្ធកម្មការពង្រឹងនិងកែលម្អយន្តការនៃការទទួល និងដោះស្រាយបណ្ដឹងតវ៉ាលទ្ធកម្មឱ្យមានឯករាជ្យភាព ជាមួយនឹងការបង្កើតឱ្យមានរបបដាក់ទោសទណ្ឌ។

លោកបន្ថែមថា ដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ ធ្វើឡើងដោយស្របតាមទិសដៅនៃការ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ដ្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥។ ផ្អែកតាម យុទ្ធសាស្ដ្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈនេះ រាជរដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកែលម្អ និងបំពេញបន្ថែម លើច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២ ដែលកំពុងនៅជាធរមាន ឱ្យមានសង្គតិភាពនឹងច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។

សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ ត្រូវបានអនុម័តនិងចូលជាធរមាន ច្បាប់នេះនឹងក្លាយជាក្របខ័ណ្ឌគតិយុត្តគោលដ៏សំខាន់មួយសម្រាប់ពង្រឹងប្រព័ន្ធលទ្ធកម្មសាធារណៈ នៅព្រះរាជាណាចក្រកម្ពុជាលើការគ្រប់គ្រង និងការអនុវត្តកិច្ចលទ្ធកម្ម ឱ្យកាន់តែមានភាពជឿទុកចិត្ត ប្រសិទ្ធភាព តម្លាភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ព្រមទាំងរួមចំណែកដល់ការសម្រេចបាននូវទិសដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលវែង ដើម្បីទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម៕