ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានចំៗទៅលើក្រុមអ្នករិះគន់ និងវាយប្រហាររាជរដ្ឋាភិបាល គ្រប់រឿង សូម្បីតែបញ្ហាខ្វះទឹក ប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញថា បានតែនៅក្រៅប្រទេសទេ បើនៅក្នុងប្រទេសវិញគឺ ជាប់គុកព្រៃស ឬកន្លែងណាមួយទេ ។
ក្នុងកម្មវិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នៅព្រឹកថ្ងៃ៣០ មីនា សម្ដេចបានលើកថា ក្នុងប៉ុន្មានថ្ងៃមកនេះ តំបន់មួយចំនួនខ្វះទឹកប្រើប្រាស់មានអ្នកខ្លះលើកមកវាយប្រហាសម្តេច តែសម្តេចឌឺទៅវិញថា ស្រែកឲ្យលឺទៅ ស្រែកឲ្យបែកក្រពះទៅអាពៅ ។
ចំណុចនេះ សម្ដេចបានកែពាក្យស្លោកចាស់មួយថា «កុំពត់ស្រឡៅ កុំប្រដៅអាក្មេងពាល» ។
សម្ដេចថា ពួកពាលនេះ មិនងាយប្រដៅនោះទេ ប្រដៅយ៉ាងម៉េចក៏វាមិនទៅដែរ ប៉ុន្តែពួកនេះ បានតែនៅក្រៅប្រទេសទេ បើនៅក្នុងប្រទេស «ខ្ញង់»(ញុក)ហើយ កុំសូវពេក។
សម្ដេចសង្កត់ធ្ងន់ថា «និយាយពីថាវាវាយប្រហារ គឺគ្រប់តែម្ដង អីក៏វាវាយដែរ ជាងឆ្កែឆ្កួតទៅទៀត ហែងសំណាង ហើយដែលនៅក្រៅប្រទេស តែបើនៅក្នុងស្រុកវិញ មិនដឹងថានៅព្រៃស ឬកន្លែងណាទេប្រាប់ឲ្យហើយ »។
សម្ដេចបន្ថែមថា និយាយចឹងថាគេគាប់សង្កត់ ចុះត្រង់និយាយមូលបង្កាច់គេនោះ យ៉ាងម៉េចវិញ។
ក្រោយភ្នំពេញ ជួបបញ្ហាខ្វះទឹកមានក្រុមប្រឆាំងបានប្រៀបប្រដូចទៅសិង្ហបុរីថា មិនបានមួយចំណិតសិង្ហបុរីផង សិង្ហបុរីជាប្រទេសតូចមួយហើយនៅព័ទ្ធជុំវិញពោរពេញទៅដោយផ្ទៃសមុទ្រ តែប្រទេសគេនេះ មិនខ្វះទឹកប្រើប្រាស់ឡើយ ៕