ព្រះមហាក្សត្រសរសើររដ្ឋសភា និងរាជរដ្ឋាភិបាល បំពេញតួនាទីយ៉ាងធំធេង

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះបន្ទូលកោតសរសើររដ្ឋសភា និងរាជរដ្ឋាភិបាលដែលបានបំពេញតួនាទីយ៉ាងធំធេង ក្នុងនាមព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំធំៗនានាកន្លងមក។

យោងតាមព្រះសាររបស់ព្រះមហាក្សត្រ ក្នុងពិធីបើកបវេសនកាលរដ្ឋសភា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅថ្ងៃ៣០ មីនា ព្រះអង្គមានព្រះបន្ទូលថា រដ្ឋសភាបានអនុម័តច្បាប់សំខាន់ ៗចំនួន១០៩ ក្នុងនីតិកាលទី៦នេះ ។ នេះជាឧបករណ៍បំពេញបន្ថែមទៅលើច្បាប់ដែលបានអនុម័តរួច នៅនីតិកាលមុនៗ និងជាការបំពេញបន្ថែមដ៏មានសារសំខាន់បំផុត សម្រាប់ធានានូវនិរន្តរភាព នៃដំណើរឈានឡើង និងកែលម្អលទ្ធិប្រជាធិបតេយ្យអាស្រ័យធម្មនុញ្ញ។

ព្រះអង្គលើកឡើងទៀតថា ក្រៅពីការតាក់តែងច្បាប់ ថ្នាក់ដឹកនាំរដ្ឋសភាដែលមានសម្តេចប្រធានរដ្ឋសភា បានខិតខំយកអស់កម្លាំងកាយចិត្ត ចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមមណ្ឌលដែលខ្លួនទទួល ខុសត្រូវយ៉ាងសស្រាក់សស្រាំ និងបាននាំយកនូវសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ រួមគ្នាដោះស្រាយទៅតាមនីតិវិធីបានយ៉ាងល្អប្រសើរ។

ក្នុងព្រះរាជសារព្រះអង្គគូសបញ្ជាក់ថា “សូមកោតសរសើររដ្ឋសភា និងរាជរដ្ឋាភិបាលដែលបានបំពេញតួនាទីយ៉ាងធំធេង ក្នុងនាមព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំធំៗនានាកន្លងទៅនេះ ជាអាទិ៍កិច្ចប្រជុំកំពូលអាស៊ាន មហាសន្និបាតអន្តរ សភាអា ស៊ាននិងកិច្ច ប្រជុំពាក់ព័ន្ធជាច្រើនទៀត។ ភាពជោគជ័យដ៏មហោឡារិកនេះ គឺបាននាំមកនូវកិត្យានុភាពជូនជាតិមាតុភូមិនៅលើឆាកអន្តរជាតិជាពិសេសការពង្រឹងពង្រីកវិស័យការទូតកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាមិត្តឲ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ” ។

ព្រះមហាក្សត្របានមានព្រះបន្ទូលទៀតថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមកោតសរសើរចំពោះទេពកោសល្យនៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយដោយជោគជ័យនូវភាពលំបាកផ្ទួនៗឥតឈប់ឈរជាច្រើន ។ ជាក់ស្តែងការស្ដារសេដ្ឋកិច្ចជាតិក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងបេសកកម្មសំខាន់ៗលើការងារថែរក្សាសន្តិភាព ឯករាជ្យ ជូនប្រទេសជាតិ និងជូនប្រជាពលរដ្ឋ បានរស់នៅដោយស្មើភាព ស្មើសិទ្ធិ និងសុខដុមរមនា»៕