រដ្ឋមន្ត្រីយុត្តិធម៌៖ JICA ផ្តល់កិច្ចសហការល្អជាមួយក្រសួងក្នុងក្របខ័ណ្ឌ ច្បាប់ និងយុត្តិធម៌

ភ្នំពេញ៖ លោក កើត រិទ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីប្រធាន និងអង្គការ JICA ដែលបានផ្តល់កិច្ចសហការប្រតិបត្តិការល្អជាមួយក្រសួងយុត្តិធម៌នាពេលកន្លងមក លើវិស័យរដ្ឋប្បវេណីក្នុងក្របខណ្ឌគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ។

ការអរគុណរបស់លោក កើត រិទ្ធ ធ្វើឡើង នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ក្នុងពេល អនុញ្ញាតឱ្យ លោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា ចូលជួបជម្រាបលា នៅមុនពេលដែលលោកស្រីបញ្ចប់អាណត្តិបេសកម្មនៅកម្ពុជា នៅចុងខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

លោកបន្តថា ចាប់ពីជំហានទី១ រហូតដល់ជំហានទី៥ ជាពិសេសនៅក្នុងអាណត្តិរបស់លោកស្រីផ្ទាល់ ក្រសួងយុត្តិធម៌ និងអង្គការ JICA បានបញ្ចប់គម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ជំហានទី៥ ដោយជោគជ័យ និងសម្រេចបន្តកិច្ចសហប្រតិបត្តិលើគម្រោងជំហានទី ៦ បន្ថែមទៀត។

លោករដ្ឋមន្ត្រី បន្ថែមថា កិច្ចសហប្រតិបត្តិការនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានការទទួលខុសត្រូវខ្ពស់ ហើយនេះជាសក្ខីភាពដែលបង្ហាញអំពីចំណងមិត្តភាពដ៏រឹងមាំ យូរអង្វែង និងភាពជាដៃគូរដ៏ស្មោះត្រង់ រវាងក្រសួងយុត្តិធម៌កម្ពុជា និងអង្គការ JICA ។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលតែងតែជួយដល់ប្រទេសកម្ពុជាស្ទើរគ្រប់វិស័យ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានជូនពរដល់ លោកស្រី KAMEI Haruko ធ្វើដំណើរត្រឡប់ទៅមាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព និងទទួលជោគជ័យថ្មីបន្ថែមទៀត។ លោករដ្ឋមន្ត្រីក៏បានបន្ថែម ក្រសួងយុត្តិធម៌បានត្រៀមខ្លួនដើម្បីសហការជាមួយប្រធានថ្មីដែលនឹងមកទទួលការងារបន្ត៕