ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងសហការជាមួយអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (ហៅកាត់ថា OECD) គ្រោងរៀបចំកម្មវិធីសម្ពោធព្រឹត្តបត្រព្យាករណ៍សេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ចិន និងឥណ្ឌា ឆ្នាំ២០២៣ ក្រោមមូលបទ “ការងើបឡើងវិញនៃវិស័យទេសចរណ៍ក្រោយពីជំងឺរាតត្បាតសកល” នៅថ្ងៃទី៣១ ខែមីនា វេលាម៉ោង១៥៖០០ (ម៉ោងនៅកម្ពុជា) តាមប្រព័ន្ធវីដេអូ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃ ២៧ ខែមីនា ឆ្នាំ ២០២៣ បញ្ជាក់ថា ពិធីសម្ពោធនេះ នឹងមានការចូលរួមពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមថ្លែងសុន្ទរកថាបើកជាមួយតំណាងភាគី OECD ផងដែរ។
ជាមួយគ្នានេះដែរ OECD នឹងរៀបចំសន្និសីទសារព័ត៌មាននៅវេលាម៉ោង ១៩៖00 (ម៉ោងនៅកម្ពុជា) ក្នុងថ្ងៃដដែល ដើម្បីផ្សព្វផ្សាយជូនសាធារណជន នូវលទ្ធផលសំខាន់ៗនៃខ្លឹមសារព្រឹត្តិបត្រព្យាករណ៍សេដ្ឋកិច្ចខាងលើ ដែលផ្ដោតលើវឌ្ឍនភាពសេដ្ឋកិច្ចរបស់បណ្ដាប្រទេសសមាជិកអាស៊ានទាំង១០ ការងើបឡើងវិញនៃវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ តាមរយៈការទាញយកផលប្រយោជន៍ជាអតិបរមាពីការធ្វើឌីជីថលភាវូបនីយកម្ម និងការពិភាក្សាអំពីការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលនីមួយៗក្នុងតំបន់អាស៊ី ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃវិស័យទេសចរណ៍៕