សម្ដេច ហ៊ុន សែន ហាមមិនឲ្យលូកដៃ ដោះដូរយកដីវិទ្យាស្ថានអភិវឌ្ឍន៍កសិកម្ម

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសហាមឃាត់មិនឲ្យអ្នកណាមួយលូកដៃ ចូលការងារវិទ្យាស្ថានអភិវឌ្ឍន៍កសិកម្ម (កាឌី) ដើម្បីយកដីទៅអភិវឌ្ឍន៍ គឺមិនអនុញ្ញាតឲ្យមានការដោះដូរជាដាច់ខាត។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន បានថ្លែងថា ពាក់ព័ន្ធនឹង វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា គឺមិនអនុញ្ញាតឲ្យមានការដោះដូរជាដាច់ខាត។

សម្តេច ហ៊ុន សែន បញ្ជាក់ថា «រឿង កាឌី (វិទ្យាស្ថានអភិវឌ្ឍន៍កសិកម្ម)នេះ សូមកុំអ្នកណាមកលូកដៃ ខ្ញុំសូមបញ្ជាក់សាធារណៈ ។ កន្លងទៅមានប្រហែល២០ក្រុមហ៊ុន បានលើកសំណើទៅ ដើម្បីស្នើសុំ កាឌី យកទៅអភិវឌ្ឍន៍ ហើយគេសុំប្រគល់ដី កន្លែងនេះ កន្លែងនោះ ខ្ញុំបានចង្អុលថា ចាំដល់ថ្ងៃខ្ញុំស្លាប់សិន ហើយនៅពេលខ្ញុំស្លាប់ទៅហើយបើអ្នកណាយកដី កាឌី យកទៅឲ្យឯកជនឲ្យអ្នកនេះឬឲ្យនោះខ្ញុំនឹងតាមដាក់បណ្ដាសសារ»។

សម្ដេចបន្ដថា កាឌី នេះ គឺជាកូនបង្កើតរបស់សម្តេច បានទៅធ្វើសហប្រតិបត្តិការជាមួយនឹងអូស្ត្រា លីយូរមកហើយ ។ សម្តេច ក៏បានផ្តាំផ្ញើទៅវិស័យឯកជននានាសូមកុំបន្តជាមួយនឹងការលើកសំណើយកដីកាឌី ព្រោះជាមរតកដ៏មានតម្លៃដែលបង្កើតបាននៅពូជស្រូវល្អៗសម្រាប់កសិកររបស់កម្ពុជា៕