កម្ពុជា-ចិន បង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត

ភ្នំពេញ៖ គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ទទួលបានការគាំទ្រពេញទំហឹងពីនាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស(ចិន) គ្រោងនឹងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនសកម្មភាពគម្រោងនេះ ។

ការទទួលបានការគាំទ្រនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្នុងពេល លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អនុញ្ញាតឱ្យ លោក ZHANG Zhiqing អនុប្រធាននាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

បើតាមក្រសួងសាធារណការ កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាជាពិសេសលើគម្រោងផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត ដើម្បីពន្លឿនគម្រោងមួយនេះឱ្យលេចឡើង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ភាគីចិនបានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ និងបានចាត់តាំងក្រុមការងារបច្ចេកទេសដើម្បីចូលរួមសហការជាមួយភាគីកម្ពុជា ក្នុងការអនុវត្តការងារបច្ចេកទេសពាក់ព័ន្ធក្នុងជំហានបន្ទាប់។ ជាមួយគ្នានេះដែរ ភាគីចិនក៏បានផ្តល់ការពន្យល់លម្អិតអំពីយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ ដោយបានបញ្ជាក់ថា ការបង្កើតក្រុមការងារបច្ចេកទេស គឺជាការងារអាទិភាព។

ចំពោះការស្នើឱ្យបង្កើតក្រុមការងារបច្ចេកទេសនេះ លោក ទេសរដ្ឋមន្ត្រី បានផ្តល់ការឯកភាព ដោយនឹងមានការចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីស្ថាប័នពាក់ព័ន្ធផងដែរ៕