មន្ទីរប្រឆាំងគ្រឿងញៀន ថាគ្មានករណីជនស៊ីវិលមួយក្រុមជិះរថយន្តចុះចាប់មនុស្សនៅក្បែរកោះនរា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ មន្ទីរប្រឆាំងគ្រឿងញៀន បានចេញស្រាយបំភ្លឺថា គ្មានករណីជនស៊ីវិលមួយក្រុមជិះរថយន្តចុះចាប់មនុស្សនៅក្បែរកោះនរា។ ការស្រាយបំភ្លឺនេះធ្វើឡើងបន្ទាប់ពីថ្ងៃនៅទី២២ ខែមីនា ឆ្នាំ២០២៣ មាន គណនីយហ្វេសប៊ុកឈ្មោះ Sreyka Min និងសារព័ត៌មានមួយចំនួន បាន បង្ហោះផ្សាយអំពី សកម្មភាពជនស៊ីវិលមួយក្រុមចាប់មនុស្ស ដាក់ឡាន នៅចំណុចក្បែរកំពង់ដរ កោះនរា ហើយដោះលែងវិញ ក្រោយពីមានប្រជាពលរដ្ឋបានឃើញសកម្មភាពនេះ។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មានកិត្តិយ សូមជម្រាបជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា មន្ត្រីជំនាញរបស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះស្រាវជ្រាវបង្ក្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ តាមវិធានជំនាញ និងតាមនីតិវិធីត្រឹមត្រូវ ដោយប្រើកម្លាំងស៊ីវិលនិងឯកសណ្ឋាន មានការដឹកនាំពីលោកព្រះរាជអជ្ញារង និងបានផ្ដល់ព៍ត៌មានជូនសមត្ថកិច្ចមូលដ្ឋានថែមទៀតផង។ ពេលនោះសមត្ថកិច្ចជំនាញបាន ឃ្លាំមើលមុខសញ្ញាដែល កំពុងធ្វើ សកម្មភាពចែកចាយជួញដូរគ្រឿងញៀននៅម្ដុំវត្តនិរោធ បណ្តោយផ្លូវជាតិលេខ១ប៉ុន្តែ ជនសង្ស័យបានបើកម៉ូតូគេចចូលផ្លូវលំបេតុងមុខវត្តនិរោធ នៅក្បែរកំពង់ដរកោះនរា សមត្ថកិច្ចបានដេញតាមដល់ផ្លូវលំបេតុង ក៏ឃើញម៉ូតូមុខសញ្ញាចតលើផ្លូវលំបេតុងនោះហើយ ឃើញមនុស្សម្នាក់ ភិនភាគដូចមុខសញ្ញា ក៏បានធ្វើការឃាត់ខ្លួនសួរនាំពេលដឹងច្បាស់ថាមិនមែនជាជនសង្ស័យ សមត្ថកិច្ចក៏បានដោះលែងភ្លាមៗនៅហ្នឹងកន្លែង និងបានសុំទោស ដោយពុំមានប្រើអំពើហឹង្សាឡើយ ពេលនោះដែរប្រជាពលរដ្ឋជិតខាងក៏ផ្អើលឈូឆរមកមើល។

ដោយឡែក សកម្មភាព ធ្វេសប្រហែសខុសឆ្គងនឹងខ្វះវិជ្ជាជីវៈក្នុងកិច្ចប្រតិបត្តិការរបស់ក្រុមមន្ត្រីខាងលើនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយអនុវត្តន៍តាមបទបញ្ជាររបស់ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សំរេច អនុវត្តន៍វិន័យយ៉ាងម៉ឺងម៉ាត់ ដោយផ្អាកការងារ ត្រួតពិនិត្យនិងស្នើគោលការណ៍បន្ត ដើម្បីអនុវត្តន៍វិន័យរដ្ឋបាល និងច្បាប់តាមការជាក់ស្ដែង៕