ភ្នំពេញ ៖ ក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្តីពីការអង្កេត និងផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិករៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃ២២ មីនា បានរកឃើញថា កុមារ និងយុវជន នៅតែទទួលឥទ្ធិពលពីការលក់បារីអេឡិចត្រូនិក។
យុវជន និងកុមារនៅតែទទួលឥទ្ធិពលពីការលក់បារីអេឡិចត្រូនិកនេះ គឺនៅតាមបណ្តាញព័ត៌មានសង្គម ទោះបីជាផលិតផលនេះ ត្រូវបានហាមឃាត់ដោយរាជរដ្ឋាភិបាលក៏ដោយ ។
ក្នុងឱកាសសិក្ខាសាលានោះ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ បានសង្កត់ធ្ងន់ពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក ចំពោះសិស្សគ្រប់បឋមភូមិដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់។
ចំណែកលោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំវិញក៏បានបង្ហាញពីសារៈសំខាន់នៃការអង្កេតស្តីពីការប្រើប្រាស់បារីអេឡិចត្រូនិកក្នុងគ្រឹះស្ថានសិក្សា។ ការអង្កេតនេះលើកឡើងជាអនុសាសន៍សំខាន់ៗដូចតទៅ៖១. គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិត ត្រូវបន្តពង្រឹងការអប់រំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិករបស់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យបានទូលំទូលាយ ទៀងទាត់ និងជាប្រចាំ។ ក្នុងករណីរកឃើញមានការប្រើប្រាស់បារីអេឡិចត្រូនិក ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមាតាបិតាសិស្ស ដើម្បីកំណត់ទីតាំងចែកចាយ។
២. ក្រសួងស្ថាប័នមានសមត្ថកិច្ច គប្បីចាត់វិធានការតាមច្បាប់ ចំពោះការចែកចាយបារីអេឡិចត្រូនិក ពិសេសការផ្សព្វផ្សាយលក់តាមបណ្តាញព័ត៌មានសង្គម ជាអាទិ៍ហ្វេសប៊ុក តិកតុក អ៊ីនស្រ្តាក្រាម។ល។ ដែលជាប្រភពចម្បងនៃចែកចាយបារីអេឡិចត្រូនិកដល់កុមារ និងយុវជនវ័យក្មេង៕
៣. ក្រសួង ស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុកគប្បីពិនិត្យលទ្ធភាពគ្រប់គ្រងហាមឃាត់ការនាំចូលបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី គ្រប់ប្រភេទក្នុងគោលបំណងបង្ការធនធានយុវជន និងកុមារពីការបំផ្លាញសុខភាព និងអនាគតដោយផលិតផលនេះ៕