ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងចំអកចំៗ ចំពោះលោក យឹម ស៊ីណន និង លោក ហ៊ុន កុសល់ ដែលជាមនុស្សស្និត និងគាំទ្រពិរុទ្ធជន កឹម សុខា ថា មិនទុកមាត់ស៊ីចេកខ្ចីទេ ប៉ុន្តែ បែរជាយកដៃទៅលរខ្នោះ។
ការចំអករបស់លោក សុខ ឥសាន ធ្វើឡើងនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ នេះ បន្ទាប់ អ្នកទាំងពីរខាងលើនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានសម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន ក្រោមការចោទចំនួន ២ ។
លោក សុខ ឥសានបន្តថា «ការយកដៃទៅលរខ្នោះរបស់លោក យឹម ស៊ីណន និងលោក ហ៊ុន កុលស់ ក៏ ព្រោះចង់ល្បី ។ ទោះជាយ៉ាងណាលោក ក្រុមឧទ្ទាមក្រៅច្បាប់តែអញ្ចឹងឯង។ពីរនាក់ហ្នឹងវាដឹងថាប្រាកដជាមានរឿង = តែវាចង់បង្កររឿង ឥឡូវបានរឿងដូចប្រាថ្នាមែន»។
លោកចំអកទៀតថា «នៅស៊ីបាយក្រៅពួកវាមិនចង់ទេ គោលបំណងវាគឺចង់ស៊ីបាយក្នុងគុកទើបមានវីរភាពរបស់វា? ហ៊ុន កុសល់ ប្តេជ្ញារួមជាមួយទណ្ឌិត កឹម សុខា ដើម្បីថាការពារអង្គព្រះមហាក្សត្រ ។ការពារស្អីបើអង្គព្រះមហាក្សត្រត្រូវបានប្រជារាស្ត្រនិងរាជរដ្ឋាភិបាលកម្ពុជាការពាររួចហើយនោះ?»។
លោក យឹម ស៊ីណន និង លោក ហ៊ុន កុសល់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានសម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន ក្រោមការចោទនិងការពិនិត្យពីបទៈ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៤៣៧(ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា កាលពីម្សិលមិញនេះ ថ្លែងថា សម្តេច នឹងមិនលើកលែងទោស ឱ្យជនទាំងទាំងពីរនេះដាច់ខាត ព្រោះជារករណីលប្រមាថ ដល់ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល៕