ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីចាក់១៥កាំបិតសម្លាប់ជនរងគ្រោះ ដើម្បីយកទ្រព្យសម្បត្តិ នៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកាលពីថ្ងៃទី ២២ ខែមីនា​ ឆ្នាំ ២០២៣ បានចាប់ខ្លួនជនសង្ស័យមា្នក់ ពាក់ព័ន្ធនឹងករណី
ចាក់១៥កាំបិតសម្លាប់ជនរងគ្រោះ ដើម្បីយកទ្រព្យសម្បត្តិ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០២៣ ចំណុចភូមិតាំងពោន ឃុំពាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

បើតាមនគរបាលព្រហ្មទណ្ឌ ករណីខាងលើនេះ ជា ករណីលួចមានស្ថានទម្ងន់ទោសមួយកើតទ្បើង បង្កដោយជនសង្ស័យឈ្មោះ វ៉ន រិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ បានប្រើកាំបិតត្នោត ចាក់ទៅលើជនរងគ្រោះឈ្មោះ នុត សារឿង ចំនួន១៥កាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ប្លន់យកសម្ភារៈហើយគេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មានភ្លាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវបន្ទាន់តាមជំនាញនីតិវិធី ដោយកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញបានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉ន រិទ្ធ នៅចំណុចផ្លូវ១៣៦ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

តាមចម្លើយជនសង្ស័យឈ្មោះ វ៉ន រិទ្ធ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្លន់ដោយប្រើកាំបិតចាក់ទៅលើជនរងគ្រោះជាច្រើនកំាបិតរហូតដល់ស្លាប់ ប្លន់យកនាទ្បិកាដៃ១ ទូរស័ព្ទ១ និងម៉ូតូ០១គ្រឿង រួចជិះគេចខ្លួនមកខេត្តកំពង់ស្ពឺ តែម្តង។ វត្ថុតាងចាប់យករួមមានៈ ម៉ូតូ០១គ្រឿង, នាទ្បិកាដៃ១ និងទូរស័ព្ទ០១ (របស់ជនរងគ្រោះ)។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ និងវត្ថុតាងឲ្យទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធី៕